ភ្នំពេញ៖សមត្ថកិច្ចកំពុងតាមរកចាប់ តៃកុងរថយន្តទំនើបបើកបញ្ច្រាសទិសក្នុងល្បឿនលឿនទៅបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់មួយរំពេច យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងនៅផ្លូវ៦០ម៉ែត្រក្រវ៉ាត់ក្រុង ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌ ដង្កោ កាលពីរសៀលថ្ងៃទី១២ ខែមេសា។សមត្ថកិច្ចប្រចាំគោលដៅបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះស៊ុក សុលៀង អាយុ២៩ឆ្នាំជាកម្មកររោងចក្រនៅក្នុងភូមិក្រពើទ្រោម សង្កាត់ រលួស ខណ្ឌដង្កោ។
ចំណែកតៃកុងរថយន្តមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេព្រោះក្រោយបង្កគ្រោះថ្នាក់បានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត។មុនកើតហេតុម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកណ្ដាល 1S-6245 បើកតាមផ្លូវ៦០ម៉ែត្រ។មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តទំនើបម៉ាក FORD RANGER ផ្លាកលេខភ្នំពេញ 2BR-3190 បើកបញ្ច្រាសទិសមកបុកពីមុខ ក្នុងល្បឿនលឿន ក៏បុកម៉ូតូដួលបណ្តាលឱ្យបុរសម្នាក់ដួលស្លាប់ភ្លាមៗតែម្តង។
ក្រោយមកនគរបាលចរាចរណ៍រាជធានីភ្នំពេញបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនិងនាំរថយន្តនិងម៉ូតូទៅទុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕