Uncategorized

អភិបាលខេត្តកំពង់ចាម យកអំណោយសម្ដេចតេជោចែកជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់៣៦គ្រួសារ

កំពង់ចាម៖កាលពីរសៀលថ្ងៃទី៣០ ខែមីនានេះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញយកអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន៣៦គ្រួសារនៅឃុំសំបូរនិងឃុំតាំងក្រាំង នៃស្រុកបាធាយខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ទោះបីសម្ដេច មិនបានអញ្ជើញមកដោយផ្ទាល់ តែសម្ដេចតែងតែមានក្តីនឹករលឹក គិតគូរអំពីសុខទុក្ខជាប្រចាំចំពោះប្រជាពលរដ្ឋទាំងអស់។
អភិបាលស្រុកបាធាយ លោកផេន សុផល បានដឹងថា កាលពីថ្ងៃទី២៨ ខែមីនា កន្លងទៅ មានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់បោកបក់យ៉ាងខ្លាំង បណ្តាលឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ។ ក្នុងនោះ នៅឃុំសំបូរ បានរងនូវផលប៉ះពាល់ចំនួន៤ភូមិមានចំនួន ៣៣ខ្នង រលំផ្ទះ៧ខ្នង របើកដំបូល២៥ខ្នង និងដំបូលសាលា១ខ្នង។
នៅភូមិតាពយ រលំផ្ទះ៣ខ្នង និងរបើកដំបូលផ្ទះ៩ខ្នង និងនៅភូមិបាឡាំង រលំផ្ទះ ១ខ្នង និងរបើកដំបូលផ្ទះ៣ខ្នង ។នៅភូមិសង្កើបរលំផ្ទះ៣ខ្នង របើកដំបូល១០ខ្នង និងសាលារៀន១ខ្នង ។នៅភូមិវាលរបើកដំបូល៣ខ្នង ឃុំតាំងក្រាំង ប៉ះពាល់ ចំនួន ១ភូមិ របើកដំបូលផ្ទះ ចំនួន៣ខ្នង និងភូមិជើងឆ្នុក របើកដំបូលផ្ទះ ៣ខ្នង ។
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង៣៥គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ចំនួន ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ តង់១ ។ ដោយឡែក គ្រួសារ ដែលរងគ្រោះធ្ងន់ធ្ងរ ចំនួន ៧គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកាចំនួន ២០០.០០០រៀល គ្រួសារដែលរងគ្រោះមធ្យម ចំនួន២៨គ្រួសារ ក្នុង ១គ្រួសារ ថវិកា ចំនួន ១០០.០០០រៀល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *