Uncategorized

អតីតអគ្គនាយកសារព័ត៌មានTVFB នឹងមានសេរីភាពនៅថ្ងៃនេះ

 

​ភ្នំពេញ​៖​លោក សុវណ្ណ រិទ្ធី អតីត​អគ្គនាយក​សារព័ត៌មាន TVFB នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវ​លោក​លិ សុខា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អមដោយ​លោក​ចែ សុង​ជា​តំណាង​អយ្យការ​បានសម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​១៨​ខែ​។​

​តែ​អនុវត្ត​ជាប់ពន្ធនាគារ​កំណត់​៥​ខែ​និង​២៨​ថ្ងៃ​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» តាម​មាត្រា​៤៩៤​និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ការផ្សាយ​ព័ត៌មាន​បង្ក​ភាពចលាចល​ក្នុងសង្គម​។​បើ​គិតពី​រយៈពេល​ជាប់ពន្ធនាគារ​រហូតមក​ដល់ពេលនេះ​ឃើញថា​លោក​សុវណ្ណ​រិទ្ធី​ត្រូវមាន​សេរីភាព​ចេញពី​ពន្ធនាគារ​នៅថ្ងៃនេះ​គឺ​នៅ​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០២០​តែម្តង​។​

​គួររំលឹកថា លោក កី ម៉ា​នេ​រ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ កន្លងទៅ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​លោក សុវណ្ណ រិទ្ធី អតីត​អគ្គនាយក​សារព័ត៌មាន TVFB ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ “​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” តាម​មាត្រា​៤៩៤​និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការផ្សាយ​ព័ត៌មាន​បង្ក​ភាពចលាចល​ក្នុងសង្គម ។​

​សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក សុវណ្ណ រិទ្ធី កាលពី​យប់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ ដល់ទី​ស្នាក់ការ​សារព័ត៌មាន TVFB នៅ​ខណ្ឌ​សែន​សុខ ក្រោយ​ស្ថាប័ន​មួយ​នេះ ផ្សាយ​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ និង កាត់​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ពាក់ព័ន្ធ​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការជួយ​ដល់​អ្នករត់ម៉ូតូឌុប នៅពេល​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ។​
​ជាមួយគ្នានេះ ក្រសួង​ព័ត៌មាន ក៏បាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​សារព័ត៌មាន​របស់ TVFB ផងដែរ ៕សហការី

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *