ភ្នំពេញ៖ នារសៀលថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៣ សមត្ថកិច្ចនគរបាល បានស្រាវ ដល់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។ ក្រោយពួកគេ កាន់ដំបង កាំបិត និងដាវយ៉ាងវែង ដើម្បីបង្កជម្លោះជាមួយភាគីទំនាស់ម្ខាងទៀត រហូតផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក។
សមត្ថកិច្ចបានឱ្យដឹងថាៈជនសង្ស័យទាំង០៣នាក់៖
ទី១/ ឈ្មោះ រុំលី សុខសាន្ត ភេទប្រុស អាយុ២១ឆ្នាំ។
ទី២/ ឈ្មោះ រុំលី សៃនី ភេទប្រុស អាយុ២៤ឆ្នាំ។
និងទី៣/ ឈ្មោះ ម៉េង សុខ ហេង ភេទប្រុស អាយុ១៥ ជនសង្ស័យទាំង០៣នាក់ស្នាក់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រុមជនសង្ស័យទាំងនេះ បានបង្កទំនាស់ដោយកាន់ ដំបង កាំបិតដាវ នៅភូមិតំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី០២ ខែ មករា ឆ្នាំ ២០២៣។
ខណៈរូបភាពនៃសកម្មភាព ត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព ហើយត្រូវគេបង្ហោះ ផ្អើលពេញបណ្ដាញសង្គមនៅថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០២៣នេះ។
បន្ទាប់ពីភ្ញាក់ផ្អើលបែបនេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំង ចុះដល់ទីតាំង ឆែកមើលកាមេរ៉ាសុវត្ថិភាព សួរនាំ ដើម្បីកំណត់មុខសញ្ញា រហូតឈានដល់ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៣នេះ។
រីឯលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានថ្លែងថាៈ ក្រោយឃើញការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
លោកឧត្តមសេនីយ៍ស្នងការ បានឲ្យកម្លាំងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីធ្វើការឃាត់ខ្លួនតាមនីតិវិធី។
ទោះជាយ៉ាងណាក្ដីៈ នៅរសៀលថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០២៣ សមត្ថកិច្ចមូលដ្ឋានបានស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន ក្រុមជនសង្ស័យខាងលើ ដើម្បីចាត់ការតាមនីតិវិធីហើយ៕