ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះបន្ទប់ផ្ទះជួលប្រមាណចំនួន៨បន្ទប់សម្ភារប្រើប្រាស់ជាច្រើនយ៉ាងសន្ធោសន្ធៅនៅម្តុំមុខស្ថាននីយទូរទស្សន៍ស៊ីធីអ៊ិនគីឡូម៉ែត្រលេខ៦។
គ្រោះអគ្គិភ័យបង្កការភ្ញាក់ផ្អើលស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ទីតាំងនោះធ្វើអំពីឈើប្រក់ស័ង្កសីភាគច្រើនជាកម្មករ កម្មការិនីកាត់ដេរបានជួលស្នាក់នៅ។មុនកើតហេតុពួកគាត់បានបិទទ្វារបន្ទប់ចេញទៅធ្វើការបាត់អស់។
ក្រោយមកស្រាប់តែមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីបន្ទប់ជួលមួយបណ្តាលឱ្យរាលដាលដល់បន្ទប់៧ទៀតសរុបចំនួន៨បន្ទប់រងការខូចខាតទាំងស្រុងនិងសម្ភារប្រើប្រាស់ជាច្រើន។ក្នុងហេតុការណ៍នេះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍តែស្ថានភាពផ្លូវតូចចង្អៀតរថយន្តមិនអាចចូលដល់។
មន្ត្រីដដែលបានបន្តថា ចំពោះមូលហេតុដែលកើតមានអគ្គិភ័យនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕