ព័ត៌មានសន្តិសុខសង្គម

ស្នងការរងខេត្តពោធិ៍សាត់វ័យក្មេង វ៉ៃមន្ត្រីសារាចរណ៍ជើងចាស់ ស្រុកវាវែង ជាព័ត៌មានដែលគេបិទបាំង!

 

ខេត្តពោធិ៍សាត់៖ ករណី លោកវរសេនីយ៍ទោ ភុំ ផៃឌឿន ស្នងការរងខេត្តពោធិ៍សាត់ ផឹកស៊ីស្រវឹងប្រើហិង្សាទៅលើលោក ឃឹម ប៊ុនថន កាលពីថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២២ ត្រូវបានគេព្យាយាមបិទបាំងមិនឲ្យអ្នកកាសែតដឹង តែក្រដាសមិនអាចខ្ទប់ភ្លើងបានទេ។

ហេតុការណ៍លោកវីរៈសេនីយ៍ទោ ភុំ ផៃឌឿន ស្នងការរងទទួលបន្ទុកខាងប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តពោធិ៍សាត់ បានប្រើហិង្សាទៅលើលោកអនុសេនីយ៍ឯក ឃឹម ប៊ុនថន បណ្ដាលឲ្យហើមមុខ បានកើតឡើងក្នុងពិធីជប់លៀងការឡើងតំណែងរបស់អភិបាលស្រុកវាលវែងកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ ។

ដោយសារបុគ្គល ភុំ ផៃឌឿន ស្នងការរង ជាមនុស្សមានលុយ មានខ្សែធំ បានប្រើឥទ្ធិពលរបស់ខ្លួននិងខ្នងបង្អែក ដាក់ការគាបសង្កត់មកលើ លោកអនុសេនីយ៍ឯក ឃឹម ប៊ុនថន កុំឲ្យប្ដឹងផ្ដល់ដោយគ្រាន់តែទទួលយកការសម្របសម្រួលបញ្ចប់រឿងស្ងាត់ៗទាំងឈឺចាប់។

ករណីនេះ សូមលោកស្នងការនគរបាលខេត្តពោធិ៍សាត់ មេត្តាបំភ្លឺឲ្យបានដឹងរឿងច្បាស់ផង កុំឲ្យអ្នកកាសែតសួរទៅមួយណាក៏ឆ្លើយថាមិនដឹង។ ដូច្នេះមានតែយើងផ្សាយព័ត៌មាននេះ ដើម្បីឲ្យបានដឹងដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តែប៉ុណ្ណោះ។

 

ជាពិសេសអ្នកខេត្តពោធិ៍សាត់គេស្គាល់ឈ្មោះ ភុំ ផៃឌឿម អត្តលេខ៥៥៥៩១ ត្រូវបានក្រសួងមហាផ្ទៃប្រកាសតែងតាំងជាស្នងការរងនគរបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី១០ ខែតុលាឆ្នាំ ២០២២ ហើយនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោកក៏បានប្រើហិង្សា ដោយកណ្ដាប់ដៃវាយទៅលើមន្ត្រីនគរបាលចរាចរណ៍វ័យចំណាស់ម្នាក់នៃអធិការដ្ឋាននគរបាលស្រុកវាលវែង នៅក្នុងកម្មវិធីជប់លៀងមួយ។

តាមប្រភពពី មន្ត្រីនគរបាលស្រុកវាលវែងមួយរូបបានឱ្យដឹងថា , នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្នុងកម្មវិធីជប់លៀងប្រកាសតំណែងអភិបាលស្រុកថ្មី នៃស្រុកវាលវែង លោក ភុំ ផៃឌឿម បានប្រើកណ្ដាប់ដៃវាយទៅលើមន្ត្រីនគរបាលចរាចរណ៍ចំណាស់ម្នាក់ គឺ លោក ឃឹម ប៊ុនថង បណ្ដាលឲ្យរងរបួសហើមមុខហើមមាត់។

តាមប្រភពបញ្ជាក់ទៀតថា ស្នងការរងនគរបាលខេត្តពោធិ៍សាត់ ដែលប្រើកណ្ដាប់ដៃ ទៅលើលោក ឃឹម ប៊ុនថន ជានគរបាល បែបជាទំនើង ទើបឡើងតំណែង   តាមប្រភពបានប្រាប់ឲ្យដឹងទៀតថា ពេលនោះ លោក ឃឹម ប៊ុនថន បានទៅឃាត់លោក ភុំ ផៃឌឿម (ជនដៃដល់)និងឈ្មោះ រិទ្ធ ឈ្លោះប្រកែកគ្នា នេះជាមូលហេតុដែលនាំឲ្យកើតមានអំពើហិង្សា ។ ករណីនេះ របាយការណ៍ក៏មិនត្រូវបានមន្ត្រីជំនាញធ្វើនោះដែរ សង្ស័យខ្លាចឥទ្ធិពល លោកស្នងការរង ?

ប្រភពខ្លះបង្ហើបថា បន្ទាប់ពីបានវាយតប់ដោយកណ្ដាប់ដៃដ៏ធ្ងន់រួចហើយ លោក ភុំ ផៃឌឿម បានព្យាយាមបើករថយន្តបំបុកជនរងគ្រោះថែមទៀតផង នេះបង្ហាញអោយឃើញថា, គាត់មានចេតនាប្រើហិង្សា ខណៈវៃហើយ បន្តសកម្មភាពរបស់ខ្លួន បំពានទៅលើជនរងគ្រោះ ។

លោកភុំ ផៃឌឿម ត្រូវបានអ្នកស្រុកវាលវែងខេត្តពោធិ៍សាត់ អះអាងថា គាត់ជាអ្នករកស៊ីដឹកជញ្ជូនឈើដ៏ល្បី ល្បាញម្នាក់ នៅខេត្តពោធិ៍សាត់ ។ ឥឡូវនេះលោក ភុំ ផែឌឺម ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវាលវែងខេត្តពោធិ៍សាត់ ខ្លាចរអា គ្រប់ៗគ្នាក៏ព្រោះតែគាត់មានអំណាចខ្លាំងសម្បើមណាស់ ។

ទាំងជនរងគ្រោះ ទាំងមន្ត្រីនគរបាលស្រុកវាលវែងក៏ដូច ជាលោកអធិការស្រុក មិនអត្ថាធិប្បាយបញ្ហានេះទេ ព្រោះយល់ថា វាកំពុងស្ថិតនៅក្នុងដំណាក់កាលសម្រប សម្រួលបញ្ចប់បញ្ហាឬខ្លាចអំណាចលោក ភុំ ផៃឌឿម តែម្ដង ។ ប៉ុន្តែបើតាមប្រភពបានខ្សឹបថា លោក ភុំ ផៃឌឿម ប្រើអំណាច និងតួនាទីជាស្នងការរងនគរបាលខេត្តពោធិ៍សាត់ បានទូរសព្ទមកគំរាមជនរង គ្រោះជាមន្ត្រីនគរបាលស្រុកវាលវែង ដោយគ្រាន់តែពោលពាក្យសុំទោសនិងព្យាយាមមិនឲ្យមានការប្ដឹងផ្ដល់អ្វីនោះឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *