កំពង់ឆ្នាំង៖ករណីលិចទូកម៉ាស៊ីននៅកំពង់ឆ្នាំង បាត់ខ្លួន២នាក់រហូតមកដល់រសៀលថ្ងៃទី២៦ខែកកក្កដាឆ្នាំ២០២៣ បានរកឃើញសពប្រពន្ធហើយ ចំណែកប្តីកំពុងបន្តរុករក។
គួរបញ្ជាក់ថា គ្រោះថ្នាក់ផ្លូវទឹកដែលជួបខ្យល់ព្យុះនិងភ្លៀងខ្លាំង បណ្តាលឱ្យលិចទូកម៉ាស៊ីនបាត់ខ្លួន២នាក់ ហើយម្នាក់រួចផុតពីគ្រោះថ្នាក់ គឺជនរងគ្រោះជាឪពុក-ម្តាយនិងកូន។ហេតុការណ៍នេះបានកើតឡើងនៅខាងកើតកោះចាប ក្នុងឃុំពោធិ៍ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដាកន្លងទៅ។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ក្នុងហេតុការណ៍លិចទូកម៉ាស៊ីននោះឈ្មោះរ៉េន រឹទ្ធ អាយុ៣០ឆ្នាំបាត់ខ្លួន-ឈ្មោះ អេង យីម អាយុ៤៤ឆ្នាំជាប្រពន្ធបាត់ខ្លួន និងឈ្មោះប៉ុន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំជាកូនបានហែលទឹករួចផុតពីគ្រោះថ្នាក់។ជនរងគ្រោះនៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
រហូតមកដល់រសៀលថ្ងៃទី២៦ ខែកក្កដាកម្លាំងអាជ្ញាធរ-សមត្ថកិច្ច-ពលរដ្ឋជាមួយក្រុមគ្រួសារបានស្វែងរកឃើញសពជនរងគ្រោះម្នាក់ជាប្រពន្ធ ហើយកម្លាំងសរុបកំពុងចែកផ្លូវគ្នារុករកប្តីបន្តទៀត៕