Uncategorized

សម្ដេចអធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ សំដៅលើកកម្ពស់បរិយាកាសធារកិច្ចនៅកម្ពុជា។

 

(ភ្នំពេញ)៖ ​សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្តល់អនុសាសន៍​ចំនួន៥ចំណុចដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ​ដើម្បីជំរុញការដ្ឋានកែទម្រង់លើកកម្ពស់បរិយាកាសធុរកិច្ច និង ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពិពិធកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ។

​សម្តេចបានប្រសាសន៍ថា កម្ពុជាត្រូវត្រៀមខ្លួនឱ្យល្អសម្រាប់ភាពភាពចាំបាច់ក្នុងការឆ្លើយតបទៅនឹងវិបត្តិណាមួយដែលអាចកើតឡើងជាយថាហេតុតាម រយៈការជំរុញការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងកាន់តែខ្លាំង​ក្លាឡើង សំដៅលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពិពិធកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះ ដើម្បីឱ្យវិស័យឯកជនរបស់កម្ពុជា អាចប្រកួតប្រជែងបានក្នុងការធ្វើពាណិជ្ជកម្ម ទាមទារឱ្យមានរដ្ឋបាលមួយដែលមានប្រសិទ្ធភាព។ ដូច្នេះហើយ ការរៀបចំឱ្យប្រព័ន្ធបញ្ជរតែមួយជាតិ គឺស្ថិតនៅក្នុងការរៀបចំផ្ទះរបស់យើងឱ្យមានលំដាប់លំ​ដោយ ឱ្យមានប្រសិទ្ធភាពនៃការធ្វើការ កាត់បន្ថយនិតិវិធីស្មុគ្រស្មាញ បង្កើនប្រសិទ្ធភាពតាមរយៈការចាប់យកនូវបច្ចេកវិទ្យាឌីជីថល។

ក្នុងស្មារតីនេះ​ សម្តេចបាន​ផ្ដល់អនុសាសន៍មួយចំនួន ដើម្បីជំរុញការដ្ឋានកែទម្រង់លើកកម្ពស់បរិយាកាសធុរកិច្ច និង ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់យើង ដូចខាងក្រោម៖

ទី១៖ ក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ ហើយដែលមិនទាន់ចូលរួមអនុវត្តប្រព័ន្ធ បញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឱ្យបានឆាប់។ ចំពោះ ក្រសួង-ស្ថាប័នដែលបានចូលរួមរួចហើយ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារ ឱ្យបានប្រកបដោយ គុណភាព និង ប្រសិទ្ធភាពខ្ពស់។

ទី២៖ គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ត្រូវតាមដាន និងវាយតម្លៃការអនុវត្ត ព្រមទាំងបន្តកែលម្អ និងពង្រីកមុខងារប្រព័ន្ធ ក៏ដូចជាពង្រីកការតភ្ជាប់ទៅ​​​​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និង ពាណិជ្ជកម្ម ដើម្បីបន្តឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ធុរជន។

ទី៣៖ សូមវិស័យឯកជន ចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ ឱ្យបានជាអតិបរមា ពីប្រព័ន្ធបញ្ជរតែមួយជាតិនេះ និងចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ។ ​​

ទី៤៖ ដើម្បីបន្តចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ក្រសួង-ស្ថាប័ន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារលើកកម្ពស់បរិយាកាសធុរកិច្ច និងការ​សម្រួលពាណិជ្ជកម្ម, ជាពិសេស ត្រូវជំរុញអនុវត្តឱ្យបានជោគជ័យនូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។

ទី៥៖ គ្រប់ក្រសួង-ស្ថាប័ន, ក្រោមការដឹកនាំ និង ការសម្របសម្រួលរបស់គណៈកម្មា​ធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញ នូវសេវាសំខាន់ដទៃទៀត ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ធុរកិច្ច និងសូមរួម សហការគ្នារៀបចំជាក្របខណ្ឌរួមមួយ ដែលខ្ញុំសូមដាក់ឈ្មោះថា «ប្រព័ន្ធអេកូ- ឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច» ដើម្បីជាមូលដ្ឋានឈានទៅពង្រីកការដ្ឋានការងារផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេស និង បង្កើនភាពទាក់ទាញរបស់កម្ពុជា សម្រាប់ការវិនិយោគ​៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *