(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ញាប់ផ្លូវទឹកទន្លេទៅកាន់សមុទ្ររបស់កម្ពុជា នឹងចាប់ផ្តើមបុកគ្រឹះបើកការដ្ឋានសាងសង់ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយមិនរង់ចាំរហូតដល់ចុងឆ្នាំ ឬដើម្បីឆ្នាំក្រោយនោះទេ។
ការប្រកាសនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែរ នៅប្រទេសកូរ៉េខាងត្បូង នារសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ អំឡុងទស្សនកិច្ចផ្លូវការ។
សម្តេចបញ្ជាក់ដូច្នេះថា៖ «ថ្ងៃមុនខ្ញុំប្រកាសថា នឹងធ្វើឱ្យចេញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ប៉ុន្តែឥឡូវអត់ទេ គឺនឹងធ្វើឱ្យចេញក្នុងពេលឆាប់ៗខាងមុខ ពេលត្រឡប់ទៅវិញនេះ ចាប់ផ្តើមវិលកង់ គិតពីដាក់ ធ្វើឱ្យឆាប់ចេញ ចាប់ផ្តើមបុកគ្រឹះ ចាប់ផ្តើមធ្វើ ព្រោះអត់ថយទៀតទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ នៅកូរ៉េខាងត្បូង ក៏ដូចជាពលរដ្ឋខ្មែរនៅលើពិភពលោក ដែលបានចេញសារគាំទ្រចំពោះ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងសម្រាប់ជាតិខ្មែរយើងទាំងអស់គ្នា។
សម្តេចបានបញ្ជាក់ដែរថា «គម្រោងនេះមិនមែនជារបស់ខ្ញុំ របស់សម្តេចតេជោ ឬរបស់ត្រកូលហ៊ុននោះទេ ខ្ញុំប្រាប់ហើយ ខ្ញុំធ្លាប់និយាយម្តងថា ត្រកូលហ៊ុន មានចំណែកមួយផ្នែកតូច ក្នុងការចូលរួម និងជំរុញឱ្យធ្វើទេ ប៉ុន្តែវាជាគម្រោងដែលកើតចេញពីការគាំទ្ររបស់ប្រជាជនខ្មែរនៅទូទាំងពិភពលោក ជាគម្រោងរបស់ខ្មែរយើងដែលត្រូវការពារ និងធ្វើឱ្យបាន»។
បើតាមសម្តេចធិបតី គម្រោងព្រែកជីកហ្វូណនតេជោ មិនសំខាន់លើការមានការចូលរួមដោយវិនិយោគិនបរទេស តែសំខាន់ខ្មែរត្រូវធ្វើឱ្យបាន ហើយត្រូវតែរួមគ្នាធ្វើ។ សម្តេចបានបញ្ជាក់ថា គម្រោងព្រែកជីកនេះ មិនមែនជាការចាប់យកអ្នកណាដើម្បីប្រឆាំងអ្នកណាទេ តែដើម្បីធ្វើឱ្យខ្មែររួមគ្នាប្រឆាំងនូវភាពមិនអភិវឌ្ឍ។
«យើងរួមគ្នាដើម្បីកាត់បន្ថយភាពក្រីក្រ រួមគ្នាដើម្បីលើកកម្ពស់កម្ពុជា ឱ្យកាន់តែក្លាយទៅជា ប្រទេសដែលមានជីវភាពខ្ពស់ ហើយព្រែកជីកមួយនេះ នឹងផ្តល់នូវឯករាជ្យ ផ្តល់នូវថាមពលសម្រាប់កម្ពុជា អភិវឌ្ឍនៅពេលខាងមុខទៀត ដែលប្រជាជនខ្មែរទូទាំងប្រទេស និងទូទាំងពិភពលោកគាំទ្រហើយ ត្រូវតែធ្វើឱ្យបាន»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។
ព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕