ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យ ផ្លូវបេតុងប្រឡាយព្រៃញី ស្ថិតនៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃអង្គារ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣៥នាទីព្រឹក។
លោកអធិការ កែវ សារិ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ប្រាក់ ច័ន្ទសុភា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ និងវត្ថុតាងដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៦កញ្ចប់ (ទម្ងន់២,៥៥ក្រាម គិតសាច់ថ្នាំ) ,ទូរសព្ទដៃចំនួន២គ្រឿង ,កង់អាគុយចំនួន១គ្រឿង ,ធ្វើតេស្តទឹកនោមស្វែករកសារធាតុញៀន លទ្ធផលអវិជ្ជមាន(-)។
បច្ចុប្បន្នជនសង្ស័យ នឹងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរៀបចំនីតិវិធីបន្ត៕