ស្វាយរៀង៖បុរសជនជាតិវៀតណាមម្នាក់ត្រូវអ្នកធ្វើដំណើរឃើញដេកស្លាប់លើផ្លូវបេតុងបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចុះទៅពិនិត្យហើយបានសន្និដ្ឋានអាចជាករណីឃាតកម្ម។
ហេតុការណ៍ខាងលើស្ថិតនៅផ្លូវបេតុងខាងក្រោយភោជនីយដ្ឋាន វីននីសថ្មី ក្នុងភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា។មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ NGYUEN PHUC HAU អាយុ ២១ឆ្នាំ ជនជាតិវៀតណាមនៅខេត្តកាវម៉ៅប្រទេសវៀតណាមកាន់លិខិតឆ្លងដែនលេខ K0262310 ។
ក្រោយមកនគរបាលប៉ុស្តិ៍រដ្ឋបាល-នគរបាលជំនាញពិនិត្យវិភាគ-នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ-គ្រូពេទ្យក្រុងបាវិតនិងមន្ត្រីតុលាការបានចុះពិនិត្យហើយបានបញ្ជាក់ថា សាកសពនេះ គឺស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។បន្ទាប់មកសមត្ថកិច្ចបញ្ជូនសពទៅនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រយកទុកនៅសាលតម្កល់សពវត្តស្ទឹងមានជ័យរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕