តាកែវ៖ដោយសារតែការប្រចណ្ឌ បុរសម្នាក់បានយកពូថៅ កាប់ប្រពន្ធ៤ពូថៅ បណ្ដាលឱ្យដួលសន្លប់ ក្នុងថ្លុកឈាម។ឯបុរសនោះគិតថាប្រពន្ធស្លាប់ហើយក៏បានរត់ទៅចង.កសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ដេកកាលពីរំលងអាធ្រាត្រចូលថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២០។
មន្ត្រីនគរបាល ស្រុកត្រាំកក់ បានឱ្យដឹងថាៈ ហេតុការណ៍ដ៏រន្ធត់មួយនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ២ រំលងអាធ្រាត្រចូលថ្ងៃទី៤ កញ្ញា ដែលបានបង្កឡើង ដោយបុរសឈ្មោះ សែម បូណារ៉ា អាយុ ៤៩ ឆ្នាំ ជាយោធា នៅកងពលតូចលេខ៣១ រស់នៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ជននេះបានកាប់ ចំនួន ៤ ពូថៅ ទៅលើប្រពន្ធរបស់ខ្លួន ឈ្មោះ ជឹម សុខុម អាយុ ៣៦ ឆ្នាំ (រងរបួសធ្ងន់) ក្នុងគោលបំណងសម្លាប់។តែប្រពន្ធ មិនស្លាប់ ត្រូវបងប្អូនអ្នកជិតខាង ជួយសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យ បានទាន់ពេលវេលា។
ប្រភពដដែលបានបន្តថាក្រោយពីបានកាប់ប៉ងសម្លាប់ ប្រពន្ធរួចហើយ ជនបង្ករជាប្តី ស្មានតែប្រពន្ធ ស្លាប់ហើយ ក៏បានរត់ទៅចង ក នឹងចំរឹងបង្អួច នៅក្នុងបន្ទប់ដេក បណ្តាលឱ្យស្លាប់ខ្លួនឯង តែម្តង ។
សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថាៈ មូលហេតុមកពីជនបង្ក មានជំងឺប្រចាំកាយ ហើយមានចិត្តប្រចណ្ឌប្រពន្ធរបស់ខ្លួន៕