បាត់ដំបង៖កាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារធំបាត់ដំបង(ផ្សារណាត់)ស្ថិតក្នុងភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងបានលើកឡើងនូវសំណូមពរបីចំណុចដើម្បីឱ្យអាជ្ញាធរក្រុងនិងខេត្តជួយអន្តរាគមន៍ជាបន្ទាន់។
ក្រុមអាជីវកររងគ្រោះបាននិយាយនៅចំពោះមុខលោកផេងសិទ្ធីអភិបាលក្រុងបាត់ដំបងថាក្រោយអគ្គិភ័យឆេះតូបលក់ដូរទាំងស្រុងអស់ជាង៣០តូបនិងឆេះ៥០ភាគរយជាង៤០តូបរូចមកពួកគាត់កំពុងជួបបញ្ហាប្រឈមមួយចំនួនមានដូចជាជំពាក់បំណុលធនាគារការប្រកបរបរប្រចាំថ្ងៃនិងបញ្ហាជីវភាពផងដែរ ។
ពួកគាត់បន្តថាបញ្ហាដូចបានជម្រាបជូននេះពួកគាត់ក៏បានស្នើសុំអាជ្ញាធរខេត្តពិសេសប្រមុខរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាចំនួន៣ចំណុចឱ្យបានទាន់ពេលវេលាគឺទី១.បញ្ហាការទូទាត់សំណងសងធនាគារសុំពន្យាការសងបណ្តោះអាសន្ន។ទី២ពន្លឿនការជួសជុលតូបឡើងវិញឱ្យបានឆាប់រហ័សដើម្បីពួកគាត់បានចូលលក់ដូរក្នុងតដូវភ្ជុំបិណ្ឌនិងទី៣.សូមកុំយកថ្លៃជួលតូបរយៈពេល៥ឆ្នាំ។
គួរបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី៣០ខែសីហាឆ្នាំ២០២០នៅផ្សារធំបាត់ដំបង(ផ្សារណាត់ )ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតតូបទាំងស្រុងចំនួន៣២តូបនិងឆេះ៥០ភាគរយប្រមាណ៤០តូបដោយទំហំនៃការខូចខាតដោយអគ្គីភ័យនេះផងដែរដែលគិតជាទឹកប្រាក់សរុបប្រមាណជាង៨៣ម៉ឺន១ពាន់ដុល្លារអាមេរិក ៕