ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌ៧ មករានៅព្រឹកថ្ងៃទី១៨ ខែឧសភានេះបានបញ្ជូនក្រុមចោរឆក់ទូរសព្ទចំនួន៤នាក់ទៅតុលាការដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ៤នាក់-ឈ្មោះ ស៊ឹមតុលា អាយុ១៥ ឆ្នាំនៅខណ្ឌមានជ័យ-ឈ្មោះ សេង សំណាង អាយុ១៧ឆ្នាំនៅខណ្ឌចម្ការមន-ឈ្មោះ តាំង ជុងថេង អាយុ១៨ឆ្នាំនៅ ខណ្ឌ៧មករារាជធានីភ្នំពេញ។ទាំង៣អ្នកខាងលើមុខរបរដឹកអីវ៉ាន់ Online និងឈ្មោះ អស់ វីរៈអាយុ១៨ឆ្នាំស្នាក់នៅខណ្ឌទួលគោក ។
កាលពីទៀបភ្លឺចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នៅផ្លូវលេខ១០៧ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករាមានជនល្មើស៥នាក់ជិះម៉ូតូ៣គ្រឿងបានឆក់ទូរសព្ទពីស្ត្រីឈ្មោះលី សុធារីអាយុ២៦ឆ្នាំ។
ក្រោយមកជនរងគ្រោះទៅប្តឹងសមត្ថកិច្ចដោយបញ្ជាក់ថា រូបគាត់បានដើរចេញពីផ្ទះ ដើម្បីរង់ចាំផាស្អេបជិះទៅផ្សារក្នុងដៃមានកាន់ទូរសព្ទ។ពេលនោះជនសង្ស័យ២នាក់ជិះម៉ូតូមកអែបរួចឆក់យកទូរសព្ទពីដៃរបស់គាត់។ភ្លាមៗគាត់បានស្រែកធ្វើឱ្យជនសង្ស័យទាំង២នាក់ភ័យស្លន់ស្លោជិះម៉ូតូទៅបុកផាស្អេបដួលទើបអ្នកដំណើរចាប់បានម្នាក់យកឱ្យនគរបាល។
ក្រោយបានចម្លើយសារភាពសមត្ថកិច្ចស្រាវជ្រាវតាមចាប់បក្ខពួកបាន៣នាក់ទៀតក្នុងថ្ងៃដដែល៕