(ក្រចេះ)៖ ឡានអត់ពន្ធ៦គ្រឿងត្រូវបានគយចល័តតំបន់៦ចុះចាប់តាមដងផ្លូវសាធារណៈក្នុងក្រុងក្រចេះ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២២។
ការចុះបង្រ្កាបឡានអត់ពន្ធបែបនេះ គឺជាផែនការរបស់អគ្គនាយកដ្ឋានគយបានអនុវត្តដូចភ្លៀងរលឹម ហើយមិនលើកលែងដល់បុគ្គលថ្នាក់ណាឡើយទោះបីជាបុគ្គលមានយសសក្តិកម្រិតណាក៏ដោយ ត្រូវតែចាប់បង្រ្កាបដើម្បីធ្វើការពិន័យថវិកាចូលរដ្ឋ។
ជាក់ស្តែងនៅខេត្តក្រចេះសមត្ថកិច្ចចម្រុះបានចុះចាប់ឡានអត់ពន្ធដែលគេដឹងថា សុទ្ធសឹងជាឡានសេរីទំនើបៗនិងជារបស់ក្រុមមន្រ្តីតំណែងទ្រឹសៗមានមុខងារសំខាន់ៗទៀតផង។
ចំណែក លោក ប៊ុនសំបូរ ប្រធានគយនិងរដ្ឋករខេត្តក្រចេះ ទាក់ទងសុំការបំភ្លឺមិនបានទេ ខណៈខេត្តលោកគ្រប់គ្រងមានឡានអត់ពន្ធធ្វើចរាចរណ៍បានបានយ៉ាងរំភើយ បែជាទុកអោយគយតំបន់ចុះចាប់ទៅវិញ។ឬមួយលោកមេគយខេត្តមិនហ៊ានខ្លាចអំណាចក្រុមមន្រ្តីទាំងនោះ។
សូមបញ្ជាក់ផងដែរថារថយន្តស៊េរីទំនើបអត់ពន្ធទាំង៦គ្រឿងរួមមាន៖រថយន្ត Lexus 570 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2BA-4030។
២៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8255។
៣៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2848។
៤៖ រថយន្តម៉ាក TUNDRA ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ក្រចេះ 2C-7707។
៥៖ រថយន្តម៉ាក Lexus Rx 400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1501។
៦៖ រថយន្តម៉ាក Lexus HS 250H ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ខម2-2812។
បច្ចុប្បន្ន រថយន្តទាំងអស់បាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើង របស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី។
ក្រុមអ្នកជិះឡានមានពន្ធបានសាទរចំពោះចំណាត់ការនេះដោយលើកឡើងថាវាជាពេលសមស្របហើយដែលត្រូវអនុវត្តអោយត្រឹមត្រូវទាំងអស់គ្នាកុំអោយអាងតែខ្លួនអ្នកធំអាងអំណាចជិះឡានគេចពន្ធបានចំណែកគ្នាជាពលរដ្ឋឬតូចតាចត្រូវតែចូលទៅបង់ពន្ធអោយខានតែបាន៕