ព័ត៌មានសន្តិសុខសង្គម

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកម៉ុត ដារ៉ា យកភ្លើងគំរាមបាញ់ប្រពន្ធនឹងមេដោះ

(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុត ដារ៉ា បានយកកាំភ្លើងភ្ជង់គំរាមបាញ់ប្រពន្ធ ប្រើហិង្សាលើប្រពន្ធ និងឈ្នួលបម្រើក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅអន្តរាគមន៍។

ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ១៥០ ផ្ទះ៨៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ដោយសុំឲ្យស្រ្តីជាប្រពន្ធ ធ្វើដំណើរទៅកាន់ទៅប៉ុស្តិ៍រដ្ឋបាលដើម្បីដាក់ពាក្យបណ្តឹង។

បើតាមស្រ្តីជាប្រពន្ធឈ្មោះ ហេង មួយគា និងម្តាយក្មេក បានប្រាប់អ្នកយកព័ត៌មានដែលកំពុងធ្វើការផ្សាយផ្ទាល់នៅកន្លែងកើតហេតុនោះថា ឈ្មោះ ម៉ុត ដារ៉ា តែងតែប្រើហិង្សាមកលើគាត់ជាប្រពន្ធ ជាច្រើនលើកច្រើនសាររហូតស្រ្តីជាប្រពន្ធទ្រាំលែងបាន ទើបឈ្លោះគ្នាកាន់តែខ្លាំងនៅពេលនេះតែម្តង។ ជាមួយគ្នានេះស្រ្តីជាប្រពន្ធ បានទទូចដល់សមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះប្តីរបស់ខ្លួនដែលមានតួនាទីជាព្រះរាជអាជ្ញារងអមសាលាដំបូងរូបនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *