ព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសចាត់វិធាន ការអ្នកដែល រំលោភដីឆ្នេរ បើទោះបីមានប្លង់ ក៏អាចលុបចោលបានដែរ ដើម្បីធានាតំបន់ ឆ្នេរនៅតែរក្សា បានភាពបៃតង គ្មានការបំពាន និង កាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន ដល់និរន្តរភាពនៃធនធាន តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត របស់កម្ពុជា។
ក្នុងពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្រុងខេត្តព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ សម្តេច តេជោហ៊ុន សែន បានថ្លែងថា « រាជរដ្ឋាភិបាលអាចលុបចោលប្លង់ដីទាំងឡាយ ណាដែលកាន់កាប់ឆ្នេរខុសច្បាប់ នៅខេត្តព្រះសីហនុ មិនថាអ្នកមានអំណាច ឬអ្នកធំ ឬក៏អ្នកកម្រិតណានោះទេ។
សម្តេចបានបញ្ជាក់ថា មិនដឹងព័ត៌មាននៃការសុំគ្រលំធ្វើប្លង់ កម្មសិទ្ធិ ឲ្យអ្នកធំក្នុងជួររាជកា ដែលមន្ត្រីទើសទាល់ហើយចេញប្លង់កាន់កាប់ឲ្យ។សម្តេចថា រដ្ឋត្រូវយកតំបន់ឆ្នេរដែលមានប្រវែង១១០ម៉ែត្រពីឆ្នេរសមុទ្រ មកកាន់កាប់ឡើងវិញដើម្បីរក្សាសោភ័ណភាពនៃឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតរបស់កម្ពុជា ក្នុងការបម្រើសាធារណៈ និងវិស័យទេសចរណ៍។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដែលមុននេះយើងមិនអាចតភ្ជាប់រវាងឆ្នេរអូត្រេះ និងឆ្នេរអូលឈើទាលបានទេ ដោយសារតែការកាន់កាប់ខុសច្បាប់ទៅដីធ្លីតាមចំណីឆ្នេរ ប៉ុន្តែខ្ញុំសូមបញ្ជាក់ ខ្ញុំបានជួបជាមួយម្ចាស់ដីមួយកន្លែង ហើយខ្ញុំក៏បានអរគុណគាត់ដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាល ប៉ុន្តែបើមិនសហការក៏ខ្ញុំយកដែរ ព្រោះនេះជាផលប្រយោជន៍ សាធារណៈដែលតម្រូវឲ្យធ្វើយ៉ាងដូច្នេះ ព្រោះគេមិនដែលទៅយកដីភ្នំ ទៅយកដីមាត់សមុទ្រ ហើយទៅកាន់កាប់ឆ្នេរ នៅក្នុងសមុទ្រទៅទៀត វាមិនដែលមានទេ។
សម្ដេចតេជោ បន្ថែមថា ហើយអីលូវនេះខ្ញុំត្រូវធ្វើព្រោះទាំងនេះគឺជាដីរបស់រដ្ឋ រដ្ឋត្រូវយក វិញ រឿងយើងចេញប្លង់ឲ្យគេបាន លុបចោលក៏បានដែរ អត់មានបញ្ហាអីទេ ជួនកាលមានការទើសទាល់ របស់អ្នកនេះ របស់អ្នកនោះ មកតម្រូវសុំឱ្យគ្នាធ្វើប្លង់ ឲ្យ ចឹងគ្នាចេះតែស៊ីញ៉េទៅ តែនាយករដ្ឋមន្ត្រីអត់បានដឹងទេ បើនាយករដ្ឋមន្ត្រីដឹង គឺលើកយោបល់មក ដឹងតែមោឃៈភាព ចោលទៅលើដីណាដែលជាចំណែកដីរបស់រដ្ឋ ក្នុងអនុក្រឹត្យរបស់យើងគឺកំណត់ ១១០ម៉ែត្រចែងយើងត្រូវធ្វើកិច្ចការងារនេះ»៕