ព្រៃវែង៖មន្ត្រីមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថា៖ចាប់ពីថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១ នៃពិធីភ្ជុំបិណ្ឌឆ្នាំនេះ មានអ្នកទេសចរជាតិ មកទស្សនា នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រៃវែង ប្រមាណ៩,៨៣៧នាក់។
មន្ត្រីបានបន្តថា កន្លែងដែលភ្ញៀវចូលកម្សាន្តមាន-រមណីយដ្ឋាននគរភ្នំ ២.៥៣៤នាក់-រមណីយដ្ឋាន អភិរក្សសត្វស្លាបទួលពាន់តាឡី ១.២៤៨នាក់-រមណីយដ្ឋានបារាយណ៍អណ្ដែត ៥៩៧នាក់-គោលដៅទេសចរណ៍ស្ទឹងចារ ៥.២២៤នាក់-រមណីយដ្ឋានធម្មជាតិ សួនសត្វ តាដាបាយ៉ាប ១៦៤នាក់ -គោលដៅទេសចរណ៍ ប្រាសាទព្រៃដើមស្រុក ៧០នាក់។
ទោះបីនៅក្នុងស្ថានភាពឆ្លងជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលក៏ពិតមែនតែរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តព្រៃវែង នៅតែទទួលបានអ្នកទេសចរ ដែលមានការចាប់អារម្មណ៍ និងចង់ទស្សនាកម្សាន្ត នៅក្នុងរដូវភ្ជុំបិណ្ឌនេះ។
លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រៃវែង បានឱ្យដឹងថា៖ ក្នុងដំដើរកម្សាន្ដរបស់ភ្ញៀវទេសចរ ដែលមកទស្សនា កម្សាន្ត ដោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ភ្ញៀវទេសចរនៅបារម្ភខ្លាចជំងឺកូវីដ-១៩។
លោកប្រធានមន្ទីរបានលើកឡើងថា ចំពោះការរៀបចំឱ្យចូលទស្សនានៅរមណីយដ្ឋាននានា ត្រូវបានអាជ្ញាធរ និងក្រុមការងាររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ។ជាក់ស្ដែងក្រុមការងារបានរៀបចំឱ្យភ្ញៀវទេសចរទាំងអស់ មានវាស់កម្តៅ លាងដៃនិងទឹកអាល់កុលនិងតម្រូវឱ្យពាក់ម៉ាស់បានគ្រប់គ្នា៕