ព័ត៌មានជាតិ

នាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅ ដឹកនាំកម្លាំងចម្រុះវាយបំផ្លាញរបងសម្គាល់ព្រំ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ខ យ៉ាងកំរោលឋ

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០២១ នាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅ ដឹកនាំកម្លាំងចុះវាយបំផ្លាញ របងសម្គាល់ព្រំដី និងលំនៅឋានរបស់ប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមត្រីស្ថិតនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

សចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងទៀតថា ដោយទ្រាំទ្រ នឹងសេចក្តីឈឺចាប់នេះលេងបាន លោកឧត្តម សេនីយ៍ទោ ចេង សុខណាត បានទទួចសុំអន្តរាគមន៍ពី សម្ដេចតេជោ ហ៊ុន សែនឲ្យជួយដោះស្រាយ ប្រសិនបើមិនដូច្នេះទេ អយុត្តិធម៌សង្គម នៅតែបន្តកើតមានឡើង ដោយសូម្បីតែមន្ត្រីជាន់ខ្ពស់ប៉ូលីសផង នៅតែមានអ្នករំលោភបំពាន ចុះទម្រាំប្រជាពលរដ្ឋតូចតាចទៀត មិនដឹងក្រុមជនខិលខូចធ្វើទុកបុកម្នេញយ៉ាងណានោះទេ។

លោកឧត្តមសេនីយ៍ទោ ចេង សុខណាត អនុប្រធាននាយកដ្ឋានចារកម្ម នៃស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សូមគោរពស្នើសុំ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ ករណីជនខិលខូចបំផ្លាញ ផ្ទះសម្បែង និងរំលោភបំពានដី ចិញ្ចឹមត្រី ស្ថិតនៅភូមិដួង សង្កាត់ព្រែកព្ នៅខណ្ឌព្រែកព្នៅ។

ការស្នើសុំអន្តរាគមន៍ របស់អនុប្រធាននាយកដ្ឋានចារកម្ម ទៅកាន់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋបាល សាលាខណ្ឌព្រែកព្នៅ ដឹកនាំកម្លាំងវាយបំផ្លាញសំណង់របស់គាត់យ៉ាងគម្រោល និងបំពានសេចក្តីសម្រេចរបស់តុលាការ។

ពាក្យសុំជួយអន្តរាគមន៍

ខ្ញុំបាទឧត្តមសេនីយ៍ទោ ចេង សុខណាត ជនជាតិខ្មែរ មានទីលំនៅស្ថិតនៅ ភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ អនុប្រធាននាយកដ្ឋានចារកម្ម ក្រសួងមហាផ្ទៃ ។

សូមគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

កម្មវត្ថុ÷ស្នើសុំជួយអន្តរាគមន៍ករណីអាជ្ញាធរខណ្ឌព្រែកព្នៅ ដឹកនាំដោយឈ្មោះ ស៊ឹម សុផង់ នាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅ ប្រើប្រាស់កម្លាំងវាយបំផ្លាញទីតាំងអាស្រ័យផលរបស់ប្រជាជនដែលកំពុងអាស្រ័យផល។

យោង÷ អនុក្រឹត្យលេខ ០៦ អនក្រ បកចុះថ្ងៃទី ២២ ខែមករាឆ្នាំ ២០០១ ស្តីពីការលុបនាទីឡូត៍នេសាទ និងកាត់បន្ថយដែននេសាទក្នុងនាទីឡូត៍នេសាទខេត្តកណ្ដាល ទុកសម្រាប់ប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារ។អនុក្រឹត្យលេខ ៧៦ អនក្រ បក ចុះថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០០៣ ស្ដីពីការលុប និងកាត់បន្ថយដែននេសាទបន្ថែមទៀតក្នុងនាទីឡូត៍នេសាទខេត្តកណ្ដាល ទុកសម្រាប់ប្រជាពលរដ្ឋធ្វើនៅសារជាលក្ខណៈគ្រួសារ ។

-សេចក្តីសម្រេចតម្កលដីកា តម្កល់រឿងទុកឥតចាត់ការលេខ ៣៤៦ ស.ត.ប្រក.០២០ ចុះថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០២០ របស់មហាអយ្យការអមសាលាឧទ្ធរណ៍រភ្នំពេញ។

-ដីកាតម្កល់រឿងទុកឥតចាត់ការលេខ ១៣៦ អ.យ.ញ  ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

-លិខិតលេខ ៩២២៧ កសក ចុះថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០១៨ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

-លិខិតលេខ ២០៤៤ សជណ ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ។-លិខិតលេខ ២៥៣/២០ លសច ចុះថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ។

-ពាក្យសុំជួយអន្តរាគមន៍ចុះថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០ របស់ឈ្មោះ ចេង សុខណាត, ឈូក សារ៉ុមនិង ម៉េង កៅ ដាក់ជូនក្រសួងមហាផ្ទៃ។

-ពាក្យសុំជួយអន្តរាគមន៍ចុះថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៨ របស់ឈ្មោះ ចេង សុខណាត,ឈូក សារ៉ុមនិងម៉េង កៅ ដាក់ជូនក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

សេចក្តីដូចបានគោរពជម្រាបជូនដូចមានក្នុងកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំសូមគោរពជម្រាបជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

មេត្តាជ្រាបថា÷ ក្នុងអន្លង់ឆ្នាំ ១៩៩៤ យើងខ្ញុំបានចិញ្ចឹមត្រីស៊ងមានចំនួន ១៤ ស្មើនឹង ១៤ ទីតាំងចិញ្ចឹមត្រី ស្ថិតនៅបឹងសំរោងបច្ចុប្បន្នស្ថិតនៅសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយបានចិញ្ចឹមត្រីនិងអាស្រ័យផលលើដីបឹងនេះតាំងពីឆ្នាំ  ១៩៩៤រហូតមកដល់បច្ចុប្បន្ន។ ក្រោយមកទៀតរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ០៦ អនក្រ.បក ចុះថ្ងៃទី ២២ ខែមករាមករា ឆ្នាំ ២០០១ ស្តីពីការលុបនាទីឡូនេសាទ និងកាត់បន្ថយដែននេសាទក្នុងនាទីឡូត៍នេសាទ ខេត្តកណ្ដាល ទុកសម្រាប់ប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារ និងអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០០៣ ស្ដីពីកាលលុបនិងកាត់បន្ថយដែននេសាទបន្ថែមទៀតក្នុងនាទីឡូត៍នេសាទខេត្តកណ្ដាល ទុកសម្រាប់ប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារ ដែលទីតាំងដែលយើងខ្ញុំបានអាស្រ័យផលនោះគឺស្ថិតនៅអតីតឡូត៍នេសាទលេខ ១៤ខេត្តកណ្ដាល ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

កាលពីថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០១៨ លោកឈិត បូរ៉ាវុធ ជាមេធាវីតំណាងដោយអាណត្តិឲ្យឈ្មោះ ឡាយ ម៉េងស៊ុន និងឡាយ ហៀង បានដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថាយើងខ្ញុំរំលោភលើដីកម្មសិទ្ធិឯកជន តែត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចដោយចេញដីកាតម្កល់រឿងទុកឥតចាត់ការ លេខ ១៣៦ អ,យ,ញ ចុះ ថ្ងៃទី ១៧ខែមករា ឆ្នាំ ២០១៩។ ក្រោយមកទៀតលោក ឈិត បូរ៉ាវុធ ជាមេធាវីតំណាងដោយអាណត្តិឲ្យឈ្មោះឡាយ ម៉េងស៊ុននិងឡាយ ហៀង បានបន្តដាក់ពាក្យតវ៉ានឹងដីកាតម្កល់រឿងទុកឥតចាត់ការលេខ ១៣៦ អ,យ,ញ ចុះថ្ងៃទី ១៧ ខែមករាឆ្នាំ ២០១៩ ត្រូវបានអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍សម្រេចតម្កល់ការតម្កល់រឿងទុកឥតចាត់ការលេខ១៣៦អ,យ,ញ ចុះថ្ងៃទី ១៧ ខែមករាឆ្នាំ ២០១៩ ទុកជាបានការដដែល។

ក្រោយពីយើងខ្ញុំបានដាក់ពាក្យបណ្ដឹងអន្តរាគមន៍ទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ហើយត្រូវបានអ្នកជំនាញក្រសួងកសិកម្ម និងជលផល បានចុះត្រួតពិនិត្យ។ក្រោយមក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលតាមរយៈលិខិតលេខ ២០៤១ ជ.ផ ចុះថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៨ បញ្ជាក់ថាការចេញប័ណ្ណសម្គាល់អចលនវត្ថុរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញពុំត្រឹមត្រូវតាមនីតិវិធីនោះទេ។ ក្រោយមកទៀតតាមក្រសួងកសិកម្ មរុក្ខាប្រម៉ាញ់ និងនេសាទបានចេញលិខិតលេខ ៩២២៧  កសក ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ញ់និងនេសាទ បានគោរពជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនិយកម្ម និងសំណង់ ដែលបញ្ជាក់ថាប្រសួងបានពិនិត្យឃើញថា ដីដែលមានប័ណ្ណសំគាល់កាន់កាប់ននេះ ពិតជាស្ឋិតនៅផ្ទៃបឹងសំរោងដែលបានគ្រប់គ្រង និងការពារដោយច្បាប់(ច្បាប់ភូមិបាលនិងជលផល)។ ក្រោយមកក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចេញលិខិតលេខ៣៣១៦ ជនស/អសដភ ចុះថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២៨ ជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មនិងសំណង់ និងសូរិយោដី រាជធានីភ្នំពេញ ឱ្យពិនិត្យស្រាវជ្រាវនិងរាយការណ៍ជូនក្រសួងដើម្បីឲយក្រសួងមានមូលដ្ឋាន ចាត់ការបន្ត។ហើយក្រោយមកទៀតលោកមេធាវី ឈិត បូ រ៉ាវុធ បានប្ដឹងតវ៉ានិងលិខិតលេខ ៩២២៧ កសក ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែត្រូវបានក្រសួងរៀបចំដែនដី រូបនីយកម្ម និងសំណង់បានចេញលិខិតលេខ១២៥៩ដនស/អសដភ ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដី នគររូបនីកម្មនិងសំណង់ និងសូរិយោដីរាជធានីភ្នំពេញ ឲ្យពិនិត្យស្រាវជ្រាវ និងរាយការណ៍ទៅក្រសួងដដែរ។ ក្រោយមកទៀតយើងខ្ញុំបានដាក់ពាក្យបណ្ដឹងសូមជួយអន្តរាគមន៍ ចុះថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២០  សូមគោរពជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្ រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោយមកក្រសួងមហាផ្ទៃបានចេញលិខិតលេខ ២០៤៤អជណ ជម្រាបមក ឯកឧត្តម អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដោយបញ្ជាក់ឲ្យឯកឧត្តមអភិបាល ពិនិត្យនិងដោះស្រាយស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមាន រួចធ្វើរបាយការណ៍ពីលទ្ធផលសម្រេចបានទៅក្រសួងមហាផ្ទៃវិញ។ ក្រោយមកទៀតរដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតលេខ ២៦៣/២០លសច ចុះថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២០ ជម្រាបជូនអភិបាល នៃគណ:អភិបាលខណ្ឌព្រែកព្នៅ ដោយឲ្យលោកអភិបាលខណ្ឌ ណែនាំដល់ម្ចាស់ពាក្យបណ្ដឹងដាក់ពាក្យស្នើសុំទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីវិញ ព្រោះដីមានប័ណ្ណកម្មសិទ្ធិ។

រហូតដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ មិនត្រឹមតែមិនបានដំណោះស្រាយទេ  ស្រាប់តែមានកម្លាំងមួយក្រុមដឹកនាំដោយឈ្មោះ ស៊ីម សុផង់ មានតួនាទីជានាយករដ្ឋបាលខណ្ឌព្រែកព្នៅ បានចុះមកវាយបំផ្លាញផ្ទះរបង និងសំណង់ ដំណាំអាស្រ័យផលរបស់ខ្ញុំ នៅលើទីតាំងអាស្រ័យផលរបស់ខ្ញុំបាទ ដែលសកម្មភាពនេះបានបំផ្លាញទ្រព្យសម្បត្តិរបស់ខ្ញុំបាទជាច្រើន។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះ យើងខ្ញុំសូមគោរពស្នើសុំ សម្ដេច មេត្តាពិនិត្យនិងជួយអន្តរាគមន៍ឲ្យយើងខ្ញុំទាំងអស់គ្នាដោយក្តីអនុគ្រោះ។

សូម សម្ដេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។

 

 

 

 

facebook sharing button
twitter sharing button

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *