ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្តព្រះសីហនុ ចាប់ជនសង្ស័យ៣នាក់ ពីបទលួចសម្ភារៈក្នុងសណ្ឋាគារ

នគរបាលខេត្តព្រះសីហនុចាប់ជនសង្ស័យ៣នាក់ពីបទលួចសម្ភារក្នុងសណ្ឋាគារ
ព្រះសីហនុ៖លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា៖កាលពីថ្ងៃទី៧ខែឧសភា ឆ្នាំ២០២១កម្លាំងនគរបាលខេត្តបានស្រាវជ្រាវតាមចាប់ជនសង្ស័យបាន៣នាក់ ករណីលួចសម្ភារក្នុងសណ្ឋាគារមួយកន្លែង។
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ងឹម អូលីកា ភេទប្រុស អាយុ ៤៤ឆ្នាំ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុប្ដឹងថាមានជនសង្ស័យបានចូលលួចសម្ភារនិងទ្រព្យសម្បត្ដិ ក្នុងសណ្ឋាគារអូរកាតា មានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។
ក្រោយពីទទួលបណ្ដឹង សមត្ថកិច្ចជំនាញ បានកំណត់បានមុខសញ្ញាប្រព្រឹត្ដបទល្មើសខាងលើនិងឈានទៅចាប់ជនសង្ស័យពាក់ព័ន្ធ៣នាក់ជាបុរសឈ្មោះ សុខ ចំរើន ហៅចាវ អាយុ ២៥ឆ្នាំ ។ ឈ្មោះ ធី សុធា ហៅធីអាយុ ២០ឆ្នាំ នៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុនិងឈ្មោះ ហ៊ូ ណាហេង អាយុ២២ឆ្នាំអ្នកទាំង៣នៅក្រុម២៨ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ។
សម្ភារដែលដកហូតបាន៖ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ពាក់ផ្លាកលេខ ព្រះសីហនុ ១F-២៧០៦,ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone ពណ៌ទឹកប្រាក់,ទូរស័ព្ទដៃ ១គ្រឿង ម៉ាក OPPO ពណ៌ទឹកមាស,ទូរស័ព្ទដៃ១គ្រឿងម៉ាក Huawei ពណ៌ស្វាយ- ទូរទស្សន៍LED ចំនួន១គ្រឿង ។
ជនសង្ស័យទាំង៣ បានសារភាពប្រាប់សមត្ថកិច្ចថា៖ នាពេលកន្លងមក ពួកគេធ្លាប់ធ្វើសកម្ម ភាពលួចសម្ភារនិងរបស់របរប្រើប្រាស់ ដែលមានក្នុងផ្ទះ និងសណ្ឋាគារទុកចោល ស្ថិតក្នុង ក្រុងព្រះសីហនុ ថ្មីៗនេះនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ពួកគេបានរួមគ្នាធ្វើសកម្មភាពលួចដោះទូរទស្សន៍២គ្រឿងក្នុងសណ្ឋាគារអូកាតា។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងសម្ភារវត្ថុតាង ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *