ព័ត៌មានជាតិ

នីតិវិធីផ្លូវតុលាការ នៅមិនដឹងពេលណាចប់ ទើបគូភាគី ជ្រើសយកដំណោះស្រាយតាមគោលការណ៍ឈ្នះឈ្នះ

បាត់ដំបង÷សំណុំរឿងក្តីក្តាំ រវាងលោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង និងភរិយា ជាមួយពលរដ្ឋឈ្មោះយូ ធារ៉ា និងភរិយាឈ្មោះ បូ សុភី ទើបតែឆ្លងផុតនីតិវិធី នៅសាលាឧទ្ធរណ៍បាត់ដំបង តែប៉ុណ្ណោះ ដែលតាមច្បាប់ គូភាគីមានសិទ្ធិបន្តប្តឹងសារទុក្ខ ទៅតុលាការកំពូលទៀត ។ បើទោះបីភាគីណាមួយឈ្នះក្តី នៅតុលាការកំពូលហើយនោះ ក៏ត្រូវបន្តនីតិវិធីមួយទៀត គឺនីតិវិធីអនុវត្តសាលដីការស្ថាពរ ដូច្នេះការអូស បន្លាយពេលវេលា ក្នុងដំណើការក្តីនេះ រហូតដល់ចប់ គឺអាចនឹងត្រូវប្រើពេលវេលាយូរ ។ភាគីលោក សាត គឹមសាន បានរៀបចំឯកសាររួចរាល់ហើយ ដើម្បីធ្វើបណ្តឹងសារទុក្ខទៅតុលាការកំពូល ព្រោះគាត់យល់ថា សេចក្តីសម្រេច របស់សាលាឧទ្ធរណ៍បាត់ដំបង មិនយុត្តិធម៌សម្រាប់គាត់ ដោយឡែក ភាគីលោក យូ ធារ៉ា បាននិងកំពុងព្រួយបារម្មណ៍ អំពីដំណើការរឿងក្តី នេះថាមិនដឹងប្រើពេលវេលាប៉ុណ្ណា ហើយត្រូវចំណាយអស់ប៉ុន្មាន ទើបរឿងក្តីជាមួយមន្រ្តីជាន់ខ្ពស់នេះ ត្រូវបានបញ្ចប់ ។

ដោយគូភាគីមានក្តីបារម្មណ៍ដូចគ្នា ទើបស្នើសុំមកខ្ញុំ ដួង តារា អោយជួយរកដំណោះស្រាយ ល្អប្រសើរមួយ ដោយឈរលើគោលការណ៍ ឈ្នះឈ្នះរបស់សម្តេចតេជោ ដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃនេះ អោយចប់ជាស្ថាពរ ប្រកបដោយក្តីរីករាយ។

ខ្ញុំបានយកពេលវេលា ទទួលទានអាហារពេលល្ងាច ដើម្បីធ្វើកិច្ចការនេះ ដោយខ្ញុំបានខិតខំពន្យល់ ហេតុផលគ្រប់បែបយ៉ាង រួមទាំង ហេតុផលយុត្តិធម៌ សច្ចធម៌ គុណធម៌ និងមេត្តាធម៌ ដល់គូភាគី រហូតដល់ ធ្វើអោយលោក សាត គឹមសាន និងភរិយា យល់ព្រមលះបង់ការទាមទារ និងធ្វើសម្បទានទាំងស្រុង ដល់ភាគី លោក យូ ធារ៉ា និងភរិយា ដើម្បីធ្វើជាគម្រូល្អ ដល់មន្រ្តីផ្សេងទៀត អោយមានការលះបង់ ដល់ប្រជាពលរដ្ឋ ។

ស្របពេលដែលគូភាគី កំពុងផ្តិតមេដៃលើកិច្ចព្រមព្រៀងបញ្ចប់វិវាទ លោកពុក លី សាម៉េត និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏មានវត្តមានអញ្ជើញចូលរួមពិសាអាហារ ពេលល្ងាចជាមួយខ្ញុំ ខ្ញុំក៏បានអញ្ជើញលោកទាំង២ ផ្តល់កិត្តិយស ប្រគល់កិច្ចព្រមព្រៀងបញ្ចប់វិវាទ ជូនគូភាគីទាំង២មុនពេល ទទួលទានអាហារ ។ ទាំងលោកពុកនិងឯកឧត្តម ងួន រតនៈ បាន អបអរសាទរ ដល់ដំណោះស្រាយ តាមគោលការណ៍ឈ្នះឈ្នះ របស់ សម្តេចតេជោ ដែលធ្វើអោយគូភាគី មានការពេញចិត្ត ហើយបានប្រែពី គូបដិបក្សមកជាមិត្តភាពវិញ។

ចំពោះការលើកឡើងរបស់ ផែង វណ្ណៈ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីល្ងាចម៉ិញនេះ គឺធ្វើឡើងក្នុងចេតនាមិនល្អប្រឆាំង ទៅនឹងគោលការណ៍ឈ្នះឈ្នះ របស់សម្តេចតេជោ ជាពិសេសពាក្យ ពេជន៍ប្រមាថមាក់ងាយ ដល់អ្នករាជការសាធារណៈ ត្រូវបានចាត់ទុកថា ជា អំពើល្មើសច្បាប់។

យើងជាពលរដ្ឋល្អ គប្បីអបអរសាទរ និងគាំទ្រចំពោះអំពើល្អ និងចូលរួមចំណែក ជួយអោយពលរដ្ឋយើង ស្រលាញ់គ្នា មានសាមគ្គី ភាពរឹងមាំរវាងគ្នានិងគ្នា។ ត្រូវលុបបំបាត់ វប្បធម៌ញុះញុង លាបពណ៌ ច្រណែនឈ្នានីស និងធ្វើអោយពលរដ្ឋ ឈ្លោះគ្នា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះ ទើបសង្គមជាតិមានសេចក្តីសុខ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *