បាត់ដំបង៖កម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៨១៧សហការជាមួយកម្លាំងយោធាសឹករងស្រុកសំពៅលូនបានធ្វើការស្ទាក់ចាប់ពលករខ្មែរជាង១០នាក់កំពុងលួចឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់កាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថាការឃាត់ខ្លួនពលករខែ្មរជាង១០នាក់នេះគឺធ្វើឡើងខណៈពេលដែលពួកគេកំពុងលួចឆ្លងដែនចូលទៅក្នុងទឹកដីប្រទេសថៃដោយខុសច្បាប់តាមច្រករបៀងនៅចំណុចភូមិគីឡូ១៣ឃុំសន្តិភាពស្រុកសំពៅលូន។ពលករខ្មែរចំនួន១០នាក់ដែលត្រូវបានឃាត់ខ្លួនក្នុងនោះមាន មកពីតាមបណ្តាខេត្តផ្សេងៗដូចជាខេត្តព្រៃវែង ,តាកែវ កំពង់ឆ្នាំង បាត់ដំបង,កំពង់ចាម ,និងសៀមរាប ។
ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចបាននាំពលករខ្មែរទាំង១០នាក់ខាងលើទៅកាន់ប៉ុស្តិ៍នគរបាលវរសេនាតូចការពារព្រំដែនគីឡូ១៣ដើម្បីធ្វើការសាកសួរនិងបន្តស្រាវជ្រាវរកមេខ្យល់ប៉ុន្តែពួកគាត់មិនបានឆ្លើយនិងបង្ហាញឈ្មោះមេខ្យល់នោះទេ។
លោកវរសេនីយ៍ឯកពេជ្រសារ៉ែនអធិការនគរបាលស្រុកសំពៅលូនបានឱ្យដឹងថារហូតមកដល់ពេលនេះពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ទាំង១០នាក់។ក្រោយពីចាប់ឃាត់យកមកសួរនាំរួចត្រូវបានខាងនគរបាលវរការពារព្រំដែនអប់រំនិងធ្វើកិច្ចសន្យាហើយបានឱ្យពួកគាត់វិលត្រឡប់ទៅស្រុកកំណើតវិញ៕