ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជាមេខ្យល់ម្នាក់ ពាក់ព័ន្ធករណីនាំនារីក្មេងៗអតិថិជនឲ្យភ្ញៀវតាមផ្ទះសំណាក់និងសណ្ធាគារ

​ភ្នំពេញ​ ៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ ការពារ​អនីតិជន​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ចុះ​បង្ក្រាប​ ជាក់ស្តែង​ករណី​ប្រព្រឹត្តិ​ អំពើ​សញ្ចារ​កម្ម​ មាន​ស្ថាន​ទម្ងន់ទោស​ (​នាំ​នារី​ក្មេងៗ​ ឱ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ​ នៅ​តាម​ផ្ទះសំណាក់​ និង​សណ្ឋាគារ​)​ ដោយ​បាន​ឃាត់ខ្លួន​ស្ត្រី​មេខ្យល់​ម្នាក់​ និង​ នារី​រង​គ្រោះ​ចំនួន​ ០៧​នាក់​ ក្នុង​នោះ​មាន​អនីតិជន​ចំនួន​០៥​នាក់​ ។​

​ប្រតិបត្តិការ​នេះ​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ សម្របសម្រួល​ពី​លោក​ គុ​ជ​ គឹ​ម​ឡុ​ង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ដឹកនាំ​ដោយ​លោក​ ឩ​ត្តម​សេនីយ៍​ទោ​ ចាន់​ កិត្តិ​ខុ​ម​ ស្នងការ​រង​ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ​ ធ្វើការ​ឃាត់​ស្ត្រី​សង្ស័យ​ជា​អ្នកគ្រប់គ្រង​ម្នាក់​ និង​នារី​រង​គ្រោះ​ ក្មេងៗ​ចំនួន​៧​នាក់​ នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២១​ ចំណុច​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​ តា​ឪ​ ភូមិ​គៀន​ឃ្លាំង​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ មេខ្យល់​ឈ្មោះ​ ឆ​យ​ ច​ន្ថា​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​បេតុង​ សង្កាត់​ព្រែក​លាប​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ និង​នារី​រង​គ្រោះ​ចំនួន​០៣​នាក់​ ឃាត់ខ្លួន​នៅ​ចំណុច​ភោជនីយ៍ដ្ឋាន​ តា​ឪ​ ភូមិ​គៀន​ឃ្លាំង​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វារ​ និង​ នារី​ជន​រង​គ្រោះ​ ចំនួន​០៤​នាក់​ បន្ថែម​ទៀត​ ឃាត់ខ្លួន​នៅ​ ចំណុច​ផ្ទះសំណាក់​ ហេង​មហាសាល​ ផ្លូវជាតិ​លេខ​៦A​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ ​។​

​យោង​តាម​នារី​រង​គ្រោះ​បានអោយ​ដឹង​ថា​ ភោជនីយ៍ដ្ឋាន​ តា​ឪ​ ចាប់ផ្ដើម​បើក​ដំណើរការ​ពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ រហូត​ដល់​ម៉ោង​៩​យប់​ ដោយ​មាន​នារីៗ​ក្មេង​ជា​ច្រើន​នៅ​ បំរើភ្ញៀវ​នៅ​ហាង​ ចំពោះ​ភ្ញៀវ​ ដែល​ចូល​មក​ហាង​ ពេល​ត្រូវការ​នារី​ក្មេងៗ​ មក​អង្គុយ​កំដរ​និង​ទៅ​រួម​ភេទ​នៅ​ខាងក្រៅ​ គឺ​មេការ​ឈ្មោះ​ ឆ​យ​ ច​ន្ថា​ អាច​ធ្វើការ​ទំនាក់ទំនង​ តាម​រយៈ​ទូរស័ព្ទ​ បាន​នាំ​មក​អោយ​ភ្ញៀវ​មើល​និង​សម្រាប់​រួម​ភេទ​ ដោយ​ក្មេងៗ​នារី​ មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ​ ១៦​ឆ្នាំ​ ឡើង​ទៅ​ ដោយ​ក្នុង​តម្លៃ​ការ​រួម​ភេទ​ក្នុង​១​ដង​ ចាប់ពី​១០០$​ដល់​ ១៥០$​ ចំពោះ​លុយ​បាន​មក​ គឺ​ត្រូវ​អោយទៅ​មេខ្យល់​ចំនួន​១៥$​ទៅ​២០$​ បន្ថែម​ទៀត​នោះ​ មេខ្យល់​បាន​សុំ​លុយ​ធីប​ពី​ភ្ញៀវ​ចំនួន​ពី​ ២០$​ទៅ​៥០$​ ជា​កម្រៃជើងសារ​ដែល​ខ្លួន​បាន​នាំ​នារី​ មក​អោយ​រួម​ភេទ​ជាមួយ​ភ្ញៀវ​ផង​ដែរ​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​ឃាត់​ស្ត្រី​សង្ស័យ​នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដើម្បី​សាកសួរ​ និង​ កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ ។​ ចំណែក​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ធ្វើការ​អប់រំ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *