Uncategorized

កសិកររីករាយជាមួយតម្លៃនិងទិន្នផលដំណាំដំឡូងមីឆ្នាំនេះល្អប្រសើរ


​ខេត្តព្រះវិហារ​៖​កសិករ​ស្រុក​គូលែន​ខេត្តព្រះវិហារ​កំពុង​នាំគ្នា​ប្រមូល​ផលដំណាំ​ដំឡូង​មី​យ៉ាង​មមាញឹក​និង​សប្បាយរីករាយ​បំផុត​ខណៈ​តម្លៃ​ទីផ្សារ​មានតម្លៃ​ខ្ពស់​សមរម្យ​រីឯ​ទិន្នផល​ក៏មាន​ភាពល្អប្រសើរ​បើ​ធៀប​និង​ឆ្នាំ​កន្លងទៅ​។​
​ដំណាំ​ដំឡូង​មី​ត្រូវបាន​គេ​ដាំ​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្នុងប្រទេស​កម្ពុជា ដោយ​ជាធម្មតា​គេ​ចាប់ផ្តើម​ដាំ​ក្នុង​ខែឧសភា និង​ប្រមូល​ផល​ចាប់ពី​ខែវិច្ឆិកា​រហូតដល់​ចុងខែ​កុម្ភៈ​ក្នុង​ឆ្នាំ​នីមួយៗ​។​ដោយឡែក​សម្រាប់​ខេត្តព្រះវិហារ​ដែលជា​ខេត្ត​មាន​សក្ដានុពល​មួយ​នៃ​កម្ពុ​ជានា​រដូវ​ប្រមូល​ផលដំណាំ​ដំឡូង​មី​ឆ្នាំនេះ​កំពុងមាន​ភាពល្អប្រសើរ​បើ​ធៀប​និង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​លោក ឌៀប ចម ប្រធាន​ក្រុមប្រឹក្សាភិបាល​សហគមន៍​កសិកម្ម​លើកកម្ពស់​កសិករ នៅ​ឃុំ​គូលែន​ជើង ស្រុក​គូលែន​ខេត្តព្រះវិហារ​បាន​និយាយថា​៖​បច្ចុប្បន្ននេះ​កសិករ​សហគមន៍​រប​ស់លោក​បាននិងកំពុង​មមាញឹក​ខ្លាំង​ក្នុងការ​ប្រមូល​ផល​ដំឡូង​មី​សិរី​រា​ង្គ​ជា​បណ្ដើរៗ​ហើយ​។​គឺ​សម្រាប់ធ្វើ​ការផ្គត់ផ្គង់​លក់​ជូន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​តាមរយៈ​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា លើ​បរិមាណ​ជាង ៧៥៤៨​ហិកតា​។

​លោក​បាន​បន្តថា​៖​កសិករ​សហគមន៍​មាន​ភាពសប្បាយ​រីករាយ​ខ្លាំង​មែនទែន​ខណៈដែល​ទិន្នផល​ឆ្នាំនេះ​ក៏មាន​ភាពល្អប្រសើរ​ហើយ​តម្លៃ​ដែល​បាន​ច​ចារ​ជាមួយ​ក្រុមហ៊ុន​ទទួល​ទិញ​គឺមាន​តម្លៃ​៣៦០​រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ដំឡូង​ស្រស់​។​តម្លៃ​នេះ​ខ្ពស់​សមរម្យ​បើ​ធៀប​ជាមួយនិង​តម្លៃ​ខាងក្រៅ​គឺ​ខុសគ្នា​ពី​៣០​ទៅ​៤០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​
​លោក ពឹង ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២០​នេះ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដំឡូង​មី​នៅ​ទូទាំង​ខេត្តព្រះវិហារ មាន​ចំនួន​ជាង ២៥.០០០​ហិកតា ។​ក្នុងនោះ​មាន​សហគមន៍​កសិកម្ម​ចំនួន​១១​បាន​ចុះកិច្ចសន្យា​ផលិត​និង​ផ្គត់ផ្គង់​ដំឡូង​មី​សរីរាង្គ​ស្រស់​លក់​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​សហគម​ន៍ក​សិ​កម្ម​កម្ពុជា ហៅថា CACC លើ​បរិមាណ​សរុប​ជាង ៤​ម៉ឺន​តោន​។

​ជាមួយនេះ​លោក​ថា​បច្ចុប្បន្ននេះ​កសិករ​នៅ​ទូទាំង​ខេត្ត​ចាប់ផ្ដើម​មមាញឹក​ខ្លាំង​ក្នុងការ​ប្រមូល​ផលដំណាំ​ដំឡូង​មី​បណ្ដើរៗ​ហើយ​។​ក្នុងនោះ​ការប្រមូល​ផល​របស់​ពួកគាត់​មាន​ភាពល្អប្រសើរ​បើ​ធៀប​និង​ឆ្នាំមុន​ដែល​អាច​ទទួលផល​ប្រមាណ​ជា​ជិត​៥០​តោន​ក្នុង​មួយ​ហិកតា​។​ទន្ទឹមគ្នា​នេះដែរ​ប្រធាន​មន្ទីរ​កសិកម្ម​ក៏បាន​ធ្វើការ​ផ្ដាំ​ផ្ញើឱ្យ​កសិករ​ទាំងអស់​ចុះឈ្មោះ​ចូល​ជា​សមាជិក​សហគមន៍​ដើម្បី​ងាយស្រួល​ក្នុង​ការលក់​ផលិតផល​កសិកម្ម​ដូចជា​ស្រូវ​ដំឡូង​និង​ចន្ទីរ​ជាដើម​។​
​ដែល​ក្នុងនោះ​កសិករ​មិន​ត្រឹមតែ​ទទួលបាន​នូវ​និរន្ដរភាព​ទីផ្សារ​មានតម្លៃ​ខ្ពស់ជាង​ទីផ្សារ​ខាងក្រៅ​និង​មិនមាន​កាត់​ភាគរយ​ទម្ងន់ ដោយ​ក្នុង​១​តោន ក្រុមហ៊ុន​គិតលុយ​ជូន ១.០០០​គីឡូ​ពេញ​បើ​ធៀប​ជាមួយ​កសិករ​ខាងក្រៅ គេ​កាត់​ចាប់ពី​១០​ទៅ​២០​ភាគរយ​។​បន្ថែម​ពីនេះ​ទៀត​កសិករ​ថែមទាំង​អាច​ទទួលបាន​នូវ​ការបណ្ដុះបណ្ដាល​ពី​ក្រុមហ៊ុន​លើ​ជំនាញ​ទុន​ផ្សេងៗ និង​ការអនុវត្ត​ជាក់ស្តែង ទាក់ទង​ទៅនឹង​ស្តង់ដា​សិរី​រា​ង្គ​ប្រព័ន្ធ​សវនកម្ម​ផ្ទៃក្នុង បច្ចេកទេស​ដាំ​ដុះ ការធ្វើផែនការ​ទិញ​ល​ក់ សហគ្រិនភាព គោល​គំនិត​អាជីវកម្ម ការកត់ត្រា​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ជាដើម​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *