នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំក្រុមការងារជំនាញចុះបង្រ្កាបបទល្មើសជលផលបានចំនួន ០៤ករណី និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផល នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល។
ក្រុមការងារជំនាញដែលចុះបង្ក្រាបទាំងនោះរួមមាន លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម និងលោក ភួង ទីណា នាយរងអធិការរដ្ឋបាលជលផលមេគង្គ សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ចាម អាជ្ញាធរស្រុកកំពង់សៀម មូលដ្ឋានកងរាជវុធហត្ថស្រុកកំពង់សៀម ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ និងអាជ្ញាធរឃុំកៀនជ្រៃ។
ជាលទ្ធផល វត្ថុតាងដែលរឹបអូសបានរួមមាន៖ ឧបករណ៍លូស្បៃមុង បង្គោលចម្រឹង ចាក់លែងកូនត្រីចម្រុះ ស្ថិតនៅចំណុចចុងព្រែក ឃុំកៀនជ្រៃ ស្រុកកំពង់សៀម និងនៅចំណុចរោងទា ឃុំស្រក ស្រុកកំពង់សៀមរួមទាំងនៅចំណុចមុខវត្តល្ពាក ឃុំស្រក ស្រុកកំពង់សៀម ព្រមទាំងនៅចំណុចក្រោមទំនប់ជ្រោយចេក ឃុំស្រក ស្រុកកំពង់សៀម។
ឯកឧត្តមអនុរដ្ឋលេខាធិការបញ្ជាក់ថា ការចុះបង្ក្រាបនេះ មានការចូលរួមពីកម្លាំងចម្រុះសរុប២៧នាក់ ដោយប្រើប្រាស់ទូកចំនួន៤គ្រឿង និងកាំភ្លើង៣ដើម៕