រាជធានីភ្នំពេញ ៖ គ្រឿងញៀនសុទ្ធជាង៤តោន ដែលបង្ក្រាបបាននាពេលកន្លងទៅត្រូវបានគណៈកម្មាធិការសម្រេចដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។ ការដុតបំផ្លាញនេះ ធ្វើឡើងនៅទីតាំងឡឥដ្ឋមួយកន្លែង ស្ថិតក្នុងសង្កាត់សំរោងខាងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីដុតបំផ្លាញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងនោះមានការចូលរួមពី ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ, ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមរបាយការណ៍បានឲ្យដឹងថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនៅពេលនេះ មានចំនួន៥៤សំណុំរឿង ក្នុងនោះមានសាលក្រមស្ថាពរ និងសេចក្ដីសម្រេចមុនអង្គសេចក្ដី។ គ្រឿងញៀនដែលរៀបចំដុតបំផ្លាញនៅពេលនេះ សរុបចំនួន៤ តោន ១០០គីឡូក្រាម១០៨,៧៦ ក្រាម និងវគ្គក្រោយទៀត គឺការបំផ្លាញដោយវិធីសាស្ត្របន្សាបនូវសារធាតុគីមីផ្សំ ចំនួន៣ តោន ២៥៤គីឡូក្រាម ដែលជាអាស៊ីតមិនអាចធ្វើការបំផ្លាញដោយវិធីដុតបាន ដោយត្រូវរង់ចាំការបន្សាប។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលប្រមាណជាង៤តោននៅពេលនេះ មានតម្លៃប្រមាណ២២លានដុល្លារ ដែលជាតម្លៃជួញដូរនៅលើទីផ្សារ។ ខណៈបើគិតជាតម្លៃចែកចាយទៅដល់ដៃអ្នកប្រើប្រាស់វិញ ប្រមាណ៦៦លានដុល្លារ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្តថាគ្រឿងញៀនដែលកម្លាំងសមត្ថកិច្ចកម្ពុជាបង្ក្រាបបាននាពេលកន្លងទៅនេះ ប្រមាណ៨៥ភាគរយ មានប្រភពមកពីតំបន់ត្រីកោណមាស ខណៈកម្ពុជាជាតំបន់គ្រាន់តែឆ្លងកាត់ប៉ុណ្ណោះ។ ឯកឧត្តមបន្ដទៀតថា ជនល្មើសដែលបង្ក្រាបបានក្នុងប្រតិបត្តិការកន្លងមក គឺជាផ្នែកមួយនៃក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់ ហើយការបង្ក្រាបនេះប្រៀបបានដូចជាការកាត់ផ្ដាច់ផ្នែកខ្លះរបស់ក្រុមឧក្រិដ្ឋជន។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ក្នុងរយៈពេលជាង១៦០ថ្ងៃកន្លងទៅ កម្លាំងសមត្ថកិច្ចទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងកងរាជអាវុធហត្ថ បានបើកប្រតិបត្តិការរួមគ្នាបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង៤ពាន់ករណី ក្នុងនោះឃាត់ខ្លួនមនុស្សប្រមាណ១ម៉ឺននាក់ មានទាំងជនជាតិខ្មែរ និងជនបរទេស ហើយជនបរទេសភាគច្រើនជាជនជាតិវៀតណាម និងជនជាតិចិន។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា កម្ពុជាក៏នឹងរៀបចំទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន» ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្តថា ការដុតបំផ្លាញគ្រឿងញៀន និងការប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅពេលនេះ ប្រៀបដូចជាការផ្ញើសារ និងក្រើនរំលឹកអំពីផលប៉ះពាល់ វិនាសសកម្មនានាដែលបណ្ដាលមកពីការចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា៕