ត្បូងឃ្មុំ៖អាជ្ញាធរស្រុកមេមត់ដឹកនាំមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចុះទប់ស្កាត់និងហាមឃាត់សកម្មភាពធ្វើអាជីវកម្មរុករករ៉ែលោហ:ខុសច្បាប់នៅតំបន់សំពៅលូឃុំជាំតាម៉ៅបានរកឃើញរណ្តៅដីចំនួន១០កន្លែងនិងបានរឹបអូសវត្ថុតាងចំនួន៩មុខរយ:ពេលពីរថ្ងៃ។ប៉ុន្តែចាប់មិនបានអ្នកជីករករ៉ែទាំងនោះទេ ដោយពួកគេបានរត់គេចខ្លួនមុនពេលសម្ថកិច្ចទៅដល់។
លោកស្រេងលីអភិបាលស្រុកមេមត់បានឱ្យដឹងនៅថ្ងៃទី៥ខែធ្នូឆ្នាំ២០២០នេះថាៈក្រោយពីបានទទួលបញ្ជាពីលោកជាមចាន់សោភណ្ឌអភិបាលខេត្តត្បូងឃ្មុំឱ្យដឹកនាំកម្លាំងចុះទៅទប់ស្កាត់ហាមឃាត់សកម្មភាពជីករករ៉ែលោហ:គ្មានការអនុញ្ញាត ដែលមានទីតាំងនេះកាលពីថ្ងៃទី៣ដល់ថ្ងៃទៅ៤ខែធ្នូ។
លោកអភិបាលស្រុកមេមត់បានឱ្យដឹងទៀតថាៈជាលទ្ធផលយើងបានរកឃើញអត្តសញ្ញាណម្ចាស់រណ្តៅដីជីករករ៉ែខ្នាតធំចំនួន១០កន្លែងស្ថិតក្នុងភូមិសំពៅលូឃុំជាំតាម៉ៅស្រុកមេមត់។ដោយម្ចាស់អាជីវកម្មខុសច្បាប់ទាំងនោះបានគេចខ្លួនមុនយើងទៅដល់។ក្នុងនោះបានរឹបអូសវត្ថុតាងរួមមាន៖ធុងខ្យល់បួនគូ,ម៉ាស៊ីនកិនថ្មបំបែកពីរគ្រឿង,ឧបករណ៍បំបែកថ្មមួយគ្រឿង,ម៉ាស៊ីនបូមទឹកបីគ្រឿង,ម៉ាស៊ីនប្រាំពីរគ្រឿង,ម៉ាស៊ីននិងឌីណាម៉ូពីរគ្រឿង,ឌីណាម៉ូមួយគ្រឿង,ក្បាលទាញខ្សែកាបមួយគ្រឿងនិងកម្ទេចរ៉ែមួយ ធុង។
លោកស្រេងលីបានបន្តថាវៈត្ថុតាងទាំងអស់យើងបានដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីរង់ចាំការសម្រេចពីលោកអភិបាលខេត្តត្បូងឃ្មុំ។លោកប៉ុនប៊ុនធឿនប្រធានមន្ទីររ៉ែនិងថាមពលខេត្តត្បូងឃ្មុំបានឱ្យដឹងនៅថ្ងៃទី៤ខែធ្នូថាទីតាំងរុករករ៉ែខុសច្បាប់នេះដើមឡើយវាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរុករករ៉ែមួយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។មកដល់ចុងឆ្នាំ២០១៤មិនដឹងថាក្រុមហ៊ុននោះផុតសុពលភាពអាជ្ញាប័ណ្ណឬក្ស័យធុនយ៉ាងណានោះទេក៏បានបោះបង់ទីនោះចោល។ក្រោយមកពលរដ្ឋក៏បានចាប់ផ្តើមមានសកម្មភាពអាជីវកម្មខុសច្បាប់ដូចដែលបានបង្ក្រាបនេះ។
លោកប្រធានមន្ទីរបានបន្តថាៈកន្លងមកតំបន់នោះគឺពុំមានអ្នកគ្រប់គ្រងច្បាស់លាស់ផង។ប៉ុន្តែខាងលោកបានចុះទៅបង្ក្រាបជាហូរហែនិងណែនាំដល់ក្រុមអ្នកជីករ៉ែចន្លោះពី៣០ទៅជិត១០០ម៉ាស៊ីនក៏មានដែរ។ប៉ុន្តែមួយរយ:ចុងក្រោយសកម្មភាពអនាធិបតេយ្យនេះហាក់រីកកើនឡើងជាទ្រង់ទ្រាយធំគឺជីកជារណ្តៅប្រើរំសេវបំផ្ទុះ។តែយើងចុះបង្ក្រាបមិនទាន់ឃើញតែស្នាមរណ្តៅបំផ្ទុះនោះគឺគេប្រើរំសេវមែន៕សហការី