ព័ត៌មានសន្តិសុខសង្គម

សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយរបស់ហ្វេសប៊ុកផេក សារព័ត៌មាន រាជសីហ៍ឦសាន.RSE-News

(បន្ទាយមានជ័យ) អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៤នេះ សូមជម្រាបជូនដល់ សាធារណៈជន អ្នកសារ ព័ត៌មាន និង អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានជ្រាបថា ៖ ហ្វេសប៊ុកផេក សារព័ត៌មាន ឈ្មោះ រាជសីហ៍ ឦសាន. RSE-News បានបង្ហោះផ្សាយ វីដេអូព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៦:៤៨នាទី ដោយសរសេរចំណងជើងថា “កន្លុះក្រាស់ណាស់តើ លោក សម្បត្តិ កុសល រឿងអាស្រូវតាំងពី នៅខេត្តរតនគិរី ឥឡូវរឿងពុករលួយនៅខេត្តបន្ទាយមានជ័យទៀត ក្រោយពីទទួលដំណែងជាស្នងការរង… និង នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១២:៤០នាទី ចំណងជើងថា” រឿងអាស្រូវពីខេត្តមួយដល់ខេត្តមួយទៀត តើជា កំហុសអ្នកណា? ” ហើយព័ត៌មានទាំងនេះ ត្រូវបានចែកចាយបន្តគ្នាតាមប្រព័ន្ធទំនាក់ទំនងសង្គមបន្ថែមទៀត ។

ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺ និង ជម្រាបជូនដល់សាធារណៈជនជ្រាបថា៖ លោក ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល មានឋានៈជា ស្នងការរង នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យពិតប្រាកដមែន។ អ្នកនាំពាក្យ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចជំនាញ ពុំទាន់ទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះណាមួយនៅឡើយទេ។

មានហេតុការណ៍កើតឡើង ដូចការចុះផ្សាយរបស់ហ្វេសប៊ុកផេកឈ្មោះ រាជសីហ៍ឦសាន .RSE-News ពិតប្រាកដមែន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមស្នើសុំដល់បងប្អូនដែលជាជនរងគ្រោះ អញ្ជើញមកដាក់ពាក្យបណ្ដឹងនៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអោយមានមូលដ្ឋាន ក្នុងការ ស្រាវជ្រាវ ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ចំពោះសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម ហើយស្នងការដ្ឋាននឹងធ្វើការស្រាវជ្រាវករណីខាងលើនេះ។

អាស្រ័យហេតុនេះសូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទទួលជ្រាបជាព័ត៌មាន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *