ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនប្ដីប្រពន្ធទៅតុលាការពីបទសមគំនិត រំលោភសេពសន្ថវៈកូនស្រីអាយុ៧ឆ្នាំ

 

បន្ទាយមានជ័យ៖កម្លាំងនគរបាលស្រុកម៉ាឡៃ បានឃាត់ខ្លួនប្តីនិងប្រពន្ធ ករណីម្តាយសមគំនិតឱ្យប្តីចុងរំលោភសេពសន្ថវៈ កូនស្រីអាយុ៧ឆ្នាំបានសម្រេចជាច្រើនលើក។ករណីនេះបានកើតឡើងនៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ខែមករា។


លោកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចោង វន អាយុ៣៧ឆ្នាំជាប្តីចុង និងប្រពន្ធឈ្មោះទួត តៃ អាយុ៣២ឆ្នាំស្នាក់នៅភូមិ ឃុំខាងលើ។ជាអ្នកស៊ីឈ្នួលចាំចម្ការឱ្យគេ។លោកអធិការនគរបាលបានបន្តថា មុនកើតហេតុប្តីប្រពន្ធមានគំនិត ចោទប្រកាន់ម្ចាស់ចម្ការថា បានរំលោភូនស្រីរបស់ខ្លួន ព្រោះតែចង់បានលុយពីម្ចាស់ចម្ការ។


ក្រោយដឹងរឿងម្ចាស់ចម្ការក៏ប្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាល ដោយចោទប្រកាន់២នាក់ប្តីប្រពន្ធនេះ ពីបទបរិហារកេរ្តិ៍។បន្ទាប់មកមន្ត្រីនគរបាលប៉ុស្តិ៍បានហៅឈ្មោះ ចោង វននិងឈ្មោះ ទួត តៃ ជាប្រពន្ធមកសាកសួរ ទើបបែករឿង។ទាំង២នាក់បានសារភាពថា ម្ចាស់ចម្ការមិនបានរំលោភកូនស្រីគាត់ទេ គឺខ្លួនជាឪពុកចុង បានរំលោភសម្រេច៤ដង។

ក្នុងការរំលោភម្តងៗប្រពន្ធរបស់ខ្លួនដែលជាម្តាយបង្កើត ក្មេងស្រីរងគ្រោះក៏នៅដេកលើគ្រែជាមួយគ្នាទាំង៣នាក់ ដោយម្តាយមិនដែលហាមឃាត់ខ្លួនឡើយ។បើតាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ឪពុកចុងបានចាប់នាងរំលោភជាច្រើនលើក។ពេលរំលោភម្តងៗម្តាយនាងក៏នៅគ្រែដែរ តែគាត់មិនដែលហាមឬទៅប្តឹងសមត្ថកិច្ចឡើយ។

លោកអធិការបានបញ្ជាក់ថា ដោយផ្អែកលើចម្លើយសារភាពពីជនសង្ស័យ និងការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ជនសង្ស័យ២នាក់ប្តីប្រពន្ធ ត្រូវបានឃាត់ខ្លួននិងនាំទៅស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *