ព័ត៌មានសន្តិសុខសង្គម

ជិះសុទ្ធតែឡានទំនើបជាមន្ត្រីរាជការទៀត ឆបោកលុយពីជនរងគ្រោះប្រុងយក ៣ម៉ឺនដុល្លារ សមត្ថកិច្ចក្របួចបាន៥នាក់

កណ្ដាល៖កម្លាំងគរបាលស្រុកពញាឮ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ ករណីឆបោកឱ្យជនរងគ្រោះទិញលោហ:ធាតុក្លែងក្លាយ។ដោយឱ្យជនរងគ្រោះកក់ប្រាក់មុន៣ម៉ឺនដុល្លារ។ករណីនេះបានកើតឡើង នៅភូមិ៥១ ភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៩ ខែមករា។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជា អុក អាយុ៧៥ឆ្នាំទីលំនៅភូមិ ឃុំ ខាងលើ។ចំណែកជនសង្ស័យចំនួន៥នាក់ មានស្រីម្នាក់ផងនោះ-ឈ្មោះ រាជ្យ សុរក័ផាន់ អាយុ៦៧ឆ្នាំ ជានាយកក្រុមហ៊ុន នគរហ្គោលត្រេឌីង នៅភូមិថ្មសែត ឃុំបាហាល ខេត្តព្រះវិហារ-ឈ្មោះ ហ៊ាង អេង ភេទស្រី អាយុ៥៦ឆ្នាំ អ្នកគួកជេដី នៅខេត្តសៀមរាប ៣-ឈ្មោះ រ៉ានី វីរៈ អាយុ៤៩ឆ្នាំមន្ត្រីរាជការ នៅភូមិ៩សង្កាត់បឹងរាំង ខណ្ឌដូនពេញ ៤-ឈ្មោះ ហេង សិទ្ធ អាយុ៤៣ឆ្នាំនៅភូមិក្បាលកោះទាវ ស្រុកកោះធំ ខេត្តកណ្តាល និង៥-ឈ្មោះ ង៉ែត អាយុ៦៤ឆ្នាំជាកម្មករសំណង់ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ពេលឃាត់ខ្លួនកម្លាំងបានដកហូត វត្ថុតាងមាន ម៉ាស៊ីនរាប់លុយ២គ្រឿង-ម៉ាស៊ីនចេញវិក័យបត្រប្រាក់១គ្រឿង،ទូរសព្ទ៥គ្រឿង-រថយន្ត២គ្រឿងម៉ាក Lexus RX300 ផ្លាកលេខភ្នំពេញ 2J-4447 និងម៉ាក Ford ផ្លាកលេខរដ្ឋ 01-7215។
ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ រាជ្យសុរក័ផាន់ បានជិះរថយន្តម៉ាក Lexus RX300 ផ្លាកលេខ ភ្នំពេញ 2J-4447 ជាមួយឈ្មោះ ង៉ែត សុខុម និងឈ្មោះ ហេង សិទ្ធ រួមនិងបក្សពួកខាងលើ បាននាំគ្នាមករមណីយដ្ឋានភូមិ៥១ ដើម្បីជួបជាមួយជនរងគ្រោះឈ្មោះ ជា អុក ។ពេលនោះជនសង្ស័យឈ្មោះ រាជ្យ សុរ័កផាន់ បានប្រាប់ជនរងគ្រោះថា ខ្លួនជាអ្នកស្គាល់ និងជាអ្នកទំនាក់ទំនងទិញរបស់វត្ថុអច្ឆរិយៈ។
បន្ទាប់មកជនសង្ស័យឈ្មោះ ហ៊ាង អេង ភេទស្រី និងបក្ខពួក បានលួងលោមបញ្ចុះបញ្ចូលជនរងគ្រោះឈ្មោះ ជា អុក ថាបើសិនជាមានវត្ថុអច្ឆរិយៈ ឈ្មោះ រាជ្យ សុរក័ផាន់ គឺជាអ្នកស្គាល់ទំនាក់ទំនងទិញ ក្នុង១ក្រាមតម្លៃ១.០០០.០០០ដុល្លារ ។ជនសង្ស័យឈ្មោះ ហ៊ាង អេង បាននិយាយបន្ថែមទៀតថា ខ្លួនមានវត្ថុអច្ឆរិយលោហៈធាតុស៊ីរុំសេវរូបគោ សំរិទ្ធ។ បើចង់មើលទាល់តែមានប្រាក់កក់មុនចំនួន៣០.០០០ដុល្លារ និងបានបង្ហាញរូបភាពប្លង់ដីមួយសន្លឹក ក្នុងទូរសព្ទដៃយកបង្ហាញជនរងគ្រោះឈ្មោះ ជា អុក ដើម្បីមានភាពជឿជាក់ និងយកប្លង់ខាងលើមកបញ្ចាំ ។
ប៉ុន្តែប្លង់ដីនោះមិនមានទីតាំងដីច្បាស់លាស់ទេ បន្ទាប់មកទៀតជនសង្ស័យឈ្មោះ រ៉ានី វីរៈ បានធ្វើឯកសារ កិច្ចសន្យាផ្តល់ប្រាក់កម្រៃជើងសារ ទិញលក់លោហៈធាតុស៊ីរំសេវ ហៅថា សំរិទ្ធ រវាងឈ្មោះ ហ៊ាង អេង និងឈ្មោះជា អុក និងបាននាំគ្នាសម្រាកនៅផ្ទះសំណាក់ក្នុងរមណីយដ្ឋានភូមិ៥១ មួយយប់ ។
ក្រោយមកឈ្មោះ ហួត ប៉ុននី អាយុ៤៣ឆ្នាំ ត្រូវជាកូនជនរងគ្រោះឈ្មោះ ជា អុក ដោយមានការសង្ស័យបក្ខពួកខាងលើជាជនឆបោក បានទូរសព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទំនប់ធំ។ កម្លាំងជំនាញបានចុះអន្តរាគមន៍ ពេលសមត្ថកិច្ចទៅដល់ជនសង្ស័យឈ្មោះ ហេង សិទ្ធ បានយកឯកសារមួយចំនួន ដុតចោលក្នុងបន្ទប់ទឹកផ្ទះសំណាក់ រមណីយដ្ឋានភូមិ៥១។
សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៥នាក់ ទៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា លោហៈធាតុ សំរិទ្ធនោះ គឺ មិនមានទេ ។មូលហេតុ ដែលពួកខ្លួន និយាយដូច្នេះគឺពួកខ្លួនមានចេតនា ភូតកុហកជនរងគ្រោះតែប៉ុណ្ណោះ។ជនសង្ស័យទាំង៥នាក់ សមត្ថច្ចបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *