Uncategorized

រដ្ឋបាលខេត្តកំពង់ចាម រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារប្រចាំឆ្នាំ ២០២៤

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារប្រចាំឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពរបស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត។ សន្និបាតបានរៀបចំនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាល ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធចំនួន៦៨៤នាក់។

ក្នុងឱកាសនៃពិធីបើកសន្និបាត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីកំណែទម្រង់ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង បន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧នៃរដ្ឋសភាផងដែរ។

ឯកឧត្តមអភិបាលខេត្ត បន្តថា អង្គសន្និបាតរបស់យើងនាពេលនេះ គឺជាឱកាសដ៏សមស្របសម្រាប់យើងទាំងអស់គ្នា រួមគ្នាធ្វើការវាយតម្លៃអំពីលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក ដោយឈរលើមូលដ្ឋាននៃការវាយតម្លៃ បានត្រឹមត្រូវគ្រប់ជ្រុងជ្រោយលើសមិទ្ធផល បទពិសោធន៍ដែលទទួលបាន បញ្ហាប្រឈម និងដំណោះស្រាយដែលនៅសេសសស់ យើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅ ការងារក្នុងឆ្នាំ២០២៤ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅជំរុញការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់តាមគោលដៅអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្ត បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។ជាមួយគ្នានេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ បានរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ដោយបានជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទន្ទឹមនឹងនេះ ភាពជោគជ័យដែលកម្ពុជាយើង ក្នុងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែត្រូវបានលើកកម្ពស់នៅលើឆាកអន្តរជាតិផងដែរ ៕

 

 

 

 

 

 

 

 

 

 

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *