បាត់ដំបង៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី នៅចំណុចភូមិក្តៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារ ធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ហេង សុខគា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអូរដា ឃុំបូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង២.ឈ្មោះ ស៊ីម ម៉េងលាង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិដំណាក់កាន្ត ឃុំបូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៦ថង់ ទម្ងន់ ៤៦១,៥៨ក្រាម ។ ទូរស័ព្ទដៃចំនួន ០២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាង កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿង ញៀនកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕