ខេត្តស្វាយរៀង៖ ជនសង្ស័យជាជនជាតិវៀតណាមចំនួន៦នាក់កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចបានបញ្ជូនទៅតុលាការខេត្តពាក់ព័ន្ធ បទល្មើសក្នុងករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន និងកាន់កាប់អាវុធគ្រាប់រំសេវខុសច្បាប់។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជនជាតិវៀតណាមទាំង០៦នាក់ដែលប្រព្រឹត្តបទល្មើសក្នុងករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់អាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតប្រព្រឹត្តកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣ ទី៤ ខែវិច្ឆិកាឆ្នាំ២០២៤ នៅម្តុំបន្ទប់ជួលលេខ១-២-៣ ខាងក្រោយក្រុមហ៊ុនអ៊ីស៊ីខេមស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត បន្ទប់ជួលលេខF9 ‘F10 ចំណុចផ្លូវវត្តតាឡុក ស្ថិតនៅភូមិបាវិតកណ្តាលនិងបន្ទប់ជួលលេខF02 ខាងក្រោយស្ថានីយប្រេងកាល់តិច ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ប្រភពបន្តថា កាលពីម៉ោង១០ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា សមត្ថកិច្ចជំនាញទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍តាមទូរស័ព្ទនៅបន្ទប់ជួលលេខ០១ លេខ០២និងលេខ០៣ ខាងក្រោយក្រុមហ៊ុនអ៊ីស៊ីខេម ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត មានមុខសញ្ញាសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន។
ក្រោយពីទទួលព័ត៌មានភ្លាមលោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាឱ្យកម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិតចុះស្រាវជ្រាវរហូតដល់ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកាដោយបានការសម្របសម្រួលពីលោកហួត វិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចឈានទៅបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ភេទប្រុសជនជាតិវៀតណាម និងបានធ្វើការឆែកឆេរបន្ទប់ស្នាក់នៅ និងចាប់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់៣នាក់ទៀត(បុរស២នាក់ស្រីម្នាក់) សរុប៦នាក់ស្រីម្នាក់និងដកហូតវត្ថុតាង រួមមាន៖១-គ្រឿងញៀនជាង៣គីឡូក្រាម-អាវុធខ្លី០១ដើម «ម៉ាករ៉ូឡូ» គ្រាប់១២គ្រាប់ -ជញ្ជីញថ្លឹងគ្រឿងញៀន៥គ្រឿង -ទូរសព្ទ័ដៃចំនួន១០គ្រឿង -ម៉ូតូចំនួន០៣គ្រឿង -លិខិតឆ្លងដែន០៥ច្បាប់និងសម្ភារៈឧបករណ៍កែច្នៃពាក់ប័ន្ធបទល្មើសមួយចំនួនទៀត ៕