ប៉ៃលិន៖នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១០:៤០នាទី ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោក ឧត្តមសេនីយ៍ត្រី ស្រី សាម៉ុន ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុកបវេល ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៣៥ក/២៣ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ចេញដោយ ឯកឧត្តម គឹម ម៉េង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តប៉ៃលិន លេីឈ្មោះ សាគុណ យីង ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ចិញ្ចឹមពពែ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមានជាប់ពាក់ព័ន្ធករណី លួចគោ យ៉ាងសកម្មនៅក្នុងខេត្តប៉ៃលិន នៅចំណុចភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន យកមកកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ។
លុះដល់វេលាម៉ោង ១៦:០០នាទី ថ្ងៃ ខែ ឆ្នាំដដែល ដោយមានការសម្របសម្រួលនីតិវិធីពីលោក ប៊ន ចាន់បូនិត្យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងជំនាញបានបន្ត សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកបវេល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំតាគ្រី ធ្វេីការឃាត់ខ្លួនឈ្មោះ ណុប គង្គា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់តាក់សុី ដែលបច្ចុប្បន្នរស់នៅភូមិកំពង់ចម្លងលេី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានជាប់ពាក់ព័ន្ធករណី លួចគោ យ៉ាងសកម្មនៅក្នុងខេត្តប៉ៃលិន យកមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន អនុវត្តតាមនីតិវិធីច្បាប់ ។
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត បានអំពាវនាវអោយប្រជាពលរដ្ឋដែលចញ្ចឹមគោ និងប្រជាពលរដ្ឋទូទៅ ត្រូវប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិ គោក្របី ក្នុងករណីមានការលួច ឬមានបទល្មើសផ្សេងៗដែលកើតឡើងសូមរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចដែលនៅជិតបំផុត ឬតាមរយ:លេខទូរស័ព្ទប្រចាំបញ្ជារលេខ0977780025។