ព័ត៌មានជាតិ

រដ្ឋមន្ត្រី កែវ រតនៈ÷កម្ពុជាចម្រាញ់មាសបានជិត ៩.០០០ គីឡូក្រាម ទទួលចំណូលពីសួយសារជាង១៤.៤លានដុល្លារ

 

(ភ្នំពេញ)៖ ឯកឧត្តម  កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាចម្រាញ់រ៉ែមាសបានជិត ៩ពាន់គីឡូក្រាម និងទទួលចំណូលពីសួយសារជាង១៤.៤លានដុល្លារ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្ដ្រី កែវ រតនៈ អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាផលិតបានដុំមាស ចំនួន១ ០៤០ដុំ ស្មើនឹងជាង ៨ ៩៧៩គីឡូក្រាម និងទទួលបានចំណូលពីសួយសារចំនួនជាង ១៤.៤លានដុល្លារ។

បន្ថែមពីនោះទៀត រដ្ឋមន្ដ្រី កែវ រតនៈ បានឲ្យដឹងថា គិតមកដល់ពេលនេះ ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុមហ៊ុនសរុបចំនួន៩ ខណៈក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំការដ្ឋានអាជីវកម្ម។

លោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឲ្យអង្គភាពសារព័ត៌មាន PLA news នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្រុមហ៊ុនចំនួន៦ ដែលកំពុងតែចម្រាញ់រ៉ែមាស នៅក្នុងប្រទេសកម្ពុជា រួមមាន៖

ទី១៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី
ទី២៖ ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ
ទិ៣៖ ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ
ទី៤៖ ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី
ទី៥៖ ក្រុមហ៊ុន Xing Yuan ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ
ទី៦៖ ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD ស្ថិតតំបន់ភ្នំជី ខេត្តកំពង់ធំ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *