ព្រះវិហារ៖លោកស្រីចឹកហេងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារតំណាងលោកប្រាក់សុវណ្ណអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។លោកស្រីបាននាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទៅផ្តល់ជូនមន្ត្រីនគរបាលម្នាក់និងប្រជាពលរដ្ឋចំនួន២នាក់ដែលរងគ្រោះដោយសារជាន់មីននិងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០នេះ ។
មន្ត្រីនគរបាលដែលរងគ្រោះដោយសារជាន់មីន មានឈ្មោះ នួន ធឿន ឋានៈអនុសេនីយ៍ឯក បម្រើការនៅអង្គភាពវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៧៩៥រងគ្រោះដោយសារជាន់មីន បណ្តាលដាច់ជើងទាំងពីរ និងប្រជាពលរដ្ឋ ២នាក់ទៀត បណ្តាលឱ្យរបួសភ្នែកនិងជើងកាលពីពេលថ្មីៗ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត បច្ចប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោកស្រីចឹកហេងបានចូលរួមសោកស្តាយជាមួយគ្រួសាររងគ្រោះចំពោះឧប្បទ្ទវហេតុដែលបានកើតឡើងនាពេលនេះនិងបានជំរុញឱ្យក្រុមគ្រួសារនិងជនរងគ្រោះសូមកុំមានការអស់សង្ឃឹមក្នុងជីវិតផ្ទុយទៅវិញត្រូវខិតខំព្យាបាលជំងឺឱ្យបានជាសះស្បើយដើម្បីរស់នៅជួបជុំក្រុមគ្រួសារតទៅមុខទៀត។
លោកស្រី ចឹក ហេង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ពិសេសប្រជាពលរដ្ឋក្រីក្រចាស់ជរាគ្មានទីពឹងស្ត្រីមេម៉ាយក្មេងកំព្រានិងប្រជាពលរដ្ឋរងគ្រោះផ្សេងៗទៀតគឺទីណាមានការលំបាកទីនោះ មានកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា សម្ភារដែលផ្តល់ជូនរួមមាន៖ មី ២កេស, ត្រីខ២យួរ, ទឹកសុទ្ធ ២កេស, សារុង១, ក្រមា ១, ភួយ១, មុង១, ទឹកផ្លែឈើ ២កេស, ទឹកដោះគោឆៅ ១យួរ, ថវិកាផ្តល់ជូនលោក នួន ធឿន កាត់ជើងទាំងពីរ ១.០០០.០០០រៀល និងអ្នករបួសភ្នែក និងជើងម្នាក់ៗថវិកា ៣០០.០០០,រៀល៕