ព្រះវិហារ៖កម្លាំងនគរបាលខេត្តព្រះវិហារបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យស្រីប្រុសចំនួន៨នាក់ជាបន្តបន្ទាប់ក្នុងករណីដឹកជញ្ជូនចែកចាយនិងប្រើប្រាស់គ្រឿងញៀន។ការឃាត់ខ្លួនក្រុមជនសង្ស័យបានធ្វើឡើង នៅផ្លូវលំវាលចាក់សំរាម ក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
មន្ត្រីនគរបាលបានឱ្យដឹងថាៈដោយអនុវត្តតាមបទបញ្ជានិងការណែនាំពីលោកឧត្តមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារកាលពីពីថ្ងៃទី១១,១២ខែវិច្ឆិកាឆ្នាំ២០២០កម្លាំងជំនាញផ្នែកគ្រឿងញៀនបានសហការជាមួយកម្លាំងនគរបាលក្រុងព្រះវិហារនិងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ប្រណាកបានឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសគ្រឿងញៀនបានជាបន្តបន្ទាប់សរុប៨នាក់និងដកហូតបានវត្ថុតាងមួយចំនួន។
ជនសង្ស័យទាំង៨នាក់មានស្រី៤នាក់ដែលជាមុខសញ្ញាពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនក្នុងភូមិសាស្ត្រក្រុងព្រះវិហារនៅពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់និងស្វែងរកចាប់ខ្លួនបក្ខពួកបន្ថែមទៀត។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារកាលពីពេលថ្មីៗកន្លងទៅនេះលោកឧត្តមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារបានលើកឡើងដោយក្តីបារម្ភថាមិនដឹងកូនគេឬកូនយើងទេដែលត្រូវរងគ្រោះដោយសារគ្រឿងញៀននេះ។ក្នុងនោះលោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចូលរួមរាយការណ៍មកសមត្ថកិច្ចមិនថាម៉ោងណាពេលណាទេពីករណីគ្រឿងញៀននេះ ដើម្បីឱ្យសមត្ថកិច្ចបង្ក្រាបឱ្យខាងតែបាន៕សហការី