ស្ទឹងត្រែង៖បុរសម្នាក់កាន់កាតជាអ្នកកាសែតមួយត្រូវកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឃាត់ខ្លួនក្នុងពេលចុះបង្ក្រាបរថយន្តកាមរីឆ្លាមមួយគ្រឿងដឹកជញ្ជូនឈើខុសច្បាប់កាលពីរសៀលថ្ងៃទី១២វិច្ឆិកាឆ្នាំ២០២០។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថាៈរថយន្តតូយូតាកាមរីឆ្លាមបានដឹកឈើប្រណីតពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងក្នុងបំណងយកលក់នៅស្រុកស្នួលខេត្តក្រចេះ។សមត្ថកិច្ចបានដេញស្ទាក់តាំងពីចំណុចដុងក្រឡរហូតដល់ត្រង់ចំណុចមុខវត្តអូរព្រះស្ថិតក្នុងឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះទើបចាប់បាន។នៅក្នុងពេលចុះបង្ក្រាបឈ្មួញឈើនោះបើកប៉ះរថយន្តសមត្ថកិច្ចអស់៣គ្រឿង។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថាៈរថយន្តដឹកឈើដែលកម្លាំងសមត្ថកិច្ចអាវុធហត្ថ បង្ក្រាបបាន ជាប្រភេទរថយន្តកាមរីឆ្លាម ព័ណ៌ស្លែ ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-2025 ។ ចំណែក អ្នកបើកបររថយន្ត ឈ្មោះតានសុភ័ក្ត្រជាជំនួយការនិពន្ធនាយករបស់អង្គភាពសារព័ត៌មានមួយក្នុងស្រុកដែលឈរជើងយកព័ត៌មាននៅក្នុងខេត្តក្រចេះ។
ក្រោយការឃាត់ខ្លួនជនសង្ស័យរួមជាមួយរថយន្តដឹកឈើក្រញូងត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ដោយឡែកឈើនៅក្នុងរថយន្តនោះនៅមិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយទេ។ចំពោះវត្ថុតាងបទល្មើសត្រូវបានប្រគល់ទៅឱ្យមន្ត្រីព្រៃឈើខេត្តស្ទឹងត្រែងដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕សហការី