ព័ត៌មានសន្តិសុខសង្គម

ក្រសួងមហាផ្ទៃ កំពង់ស្វែងរកបុគ្គលម្នាក់ ដែលលួចបើកក្បាលទុយោបង្ហៀទឹកក្នុងអាគារ នៅថ្ងៃសែនក្បាលទឹក ក្នុងចេតនាទុច្ចរិត

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវស្វែងរកជនមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានលួចបើកក្បាលទុយោបង្ហៀរទឹកឱ្យជោរជន់ នៅជាន់ទី៥ នៃអគារទីស្តីការក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់ និងអនុវត្តវិន័យ។

ករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ បានកើតឡើងកាលពីវេលាម៉ោង១១.០០នាទី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃសែនក្បាលទឹក ប៉ុន្តែ គណៈកម្មការសាងសង់អគារ ក៏បានចាត់វិធានការភ្លាមៗ និងគ្រប់គ្រងបានទាន់ពេលវេលាមិនបណ្តាល ឱ្យមានហានិភ័យអ្វីនោះឡើយ។

បើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោយពីបើកការស្រាវជ្រាវ គណៈកម្មការសាងសង់អគារ បានរកឃើញថា មានបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់ បានឆ្លៀតឱកាសនៅចុងម៉ោងធ្វើការលបបើកក្បាលទុយោទឹកសម្រាប់ សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ធ្វើឱ្យទឹកហូរចេញមក។ ទន្ទឹមនេះ គណៈកម្មការសាងសង់អគារ ក៏បានរកឃើញមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯកម្នាក់ ជាអ្នកថតវីដេអូសកម្មភាព ប៉ុន្តែពុំទាន់ដឹងថា តើបុគ្គលណាជាអ្នកទម្លាយវីដេអូចេញទៅខាងក្រៅនៅឡើយ។

តាមសេចក្តីសន្និដ្ឋានរបស់គណៈកម្មការសាងសង់អគារ បញ្ជាក់ថា ករណីនេះ ពុំមែនបណ្ដាល មកពីលក្ខណៈបច្ចេកទេសសំណង់នោះឡើយ គឺអាចជាចេតនាទុច្ចរិតរបស់បុគ្គល ដែលមិនសប្បាយចិត្ត នឹងសមិទ្ធផលដ៏ល្អវិចិត្រផូរផង់ក្រោមការគ្រប់គ្រងចាត់ចែងរបស់គណៈកម្មការសាងសង់អគារថ្មីនេះ ក្នុងបំណងមិនល្អធ្វើឱ្យប៉ះពាល់កិត្តិយសរបស់គណៈកម្មការសាងសង់អគារ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ជូនផងដែរថា ទោះបីកាមេរ៉ាសុវត្ថិភាពពុំទាន់បំពាក់ រួចរាល់គ្រប់ជ្រុងនៅឡើយ ក៏គណៈកម្មការសាងសង់អគារ បានកំពុងបន្តនីតិវិធីស្រាវជ្រាវរកអត្តសញ្ញណបុគ្គល ដែលលបលួចបើកក្បាលទុយោទឹក និងបុគ្គលដែលទម្លាយវីដេអូចេញទៅខាងក្រៅ ដើម្បីចាត់ការតាមច្បាប់ និងអនុវត្តវិន័យតាមលក្ខន្តិកៈមន្ត្រីនគរបាលជាតិ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណចំពោះបណ្តាអង្គភាពសារព័ត៌មាន និង សាធារណជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែសហការ គាំទ្រនិងតាមដានយ៉ាងយកចិត្តទុកដាក់រាល់ កិច្ចការរបស់ក្រសួងមហាផ្ទៃ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *