ភ្នំពេញ៖សមត្ថកិច្ចតាមរកចាប់អ្នកបើករថយន្តបុក និងកិនក្មេងស្រីកំពុងរត់លេង បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៣។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ឈ្មោះ វ៉ា ខេលី អាយុ៣ឆ្នាំ។ឪពុកឈ្មោះ នួន វ៉ា អាយុ៣០ឆ្នាំជាងដេគ័រនិងម្តាយឈ្មោះ ហុនឈ៊ុនឡាង អាយុ២៦ឆ្នាំនៅភូមិសង្កាត់ខាងលើ។មុនកើតហេតុក្មេងស្រីប្រុស២នាក់ កំពុងរត់លេងលើផ្លូវបេតុងជិតផ្ទះ។
ពេលនោះស្រាប់តែរថយន្ដហាយឡេនឌ័របើកតាមផ្លូវបេតុងក្នុងភូមិ ក៏ជ្រុលបុកក្មេងស្រីម្នាក់ឱ្យរងរបួសធ្ងន់ រីឯក្មេងប្រុសបានគេចផុត។ភ្លាមៗក្រុមគ្រួសារបានដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។តែជាអកុសលដោយរបួសធ្ងន់ធ្ងរពេកក្មេងស្រីក៏ស្លាប់។ចំណែកតៃកុងនាពេលនោះបានរត់គេចខ្លួនបាត់បន្សល់តែរថយន្តនៅទីនោះ។
ក្រោយមកកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានចុះពិនិត្យនិងយករថយន្តបង្កទៅទុកបណ្តោះអាសន្ន ដើម្បីចាត់ការបន្តពេលក្រោយ៕