ព័ត៌មានសន្តិសុខសង្គម

កំពុងតាមរកចាប់ជនសង្ស័យ ករណីយប្រើកាំបិតចាក់សម្លាប់ប្រពន្ធ រួចរត់គេចខ្លួន

 

ភ្នំពេញ៖សមត្ថកិច្ចកំពុងតាមរកចាប់បុរសវៀតណាមម្នាក់ សង្ស័យប្រើកាំបិតចាក់សម្លាប់ប្រពន្ធរួចរត់គេចខ្លួនបាត់ ដោយនាំកូនប្រុសអាយុ៦ឆ្នាំទៅជាមួយ។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៣ ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ករណីឃាតកម្មដោយបុរសជាប្តីបានចាក់ប្រពន្ធក្នុងបន្ទប់ បណ្ដាលឱ្យរងរបួសធ្ងន់ តែបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកជនដៃដល់ជាប្ដី ក្រោយពីសម្លាប់ប្រពន្ធរួច បាននាំកូនប្រុសអាយុ៦ឆ្នាំជិះម៉ូតូគេចខ្លួនបាត់។

ស្រ្តីបាត់បង់ជីវិតមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ អាយុប្រហែល៣០ឆ្នាំជាជនជាតិវៀតណាម ស្នាក់នៅកន្លែងខាងលើ ជាមួយប្ដីនិងកូនប្រុសស្រី២នាក់។ចំណែកជនដៃដល់ជាប្ដីឈ្មោះ អុក អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម។ក្រោយបង្កអំពើឃាតកម្មជនសង្ស័យបានរត់គេចខ្លួន ដោយយកកូនប្រុសអាយុ៦ឆ្នាំទៅជាមួយ ។

ប្រភពដដែលបានបន្តថា មុនកើតហេតុគេបានឭសំឡេងស្ដ្រីរងគ្រោះស្រែកយំ និងហៅឱ្យគេជួយ។ ពេលនោះពលរដ្ឋបាននាំគ្នាទៅមើល ឃើញស្ដ្រីជាប្រពន្ធដេកដួលក្នុងថ្លុកឈាម ហើយបាត់កូនប្រុសម្នាក់ឃើញតែកូនស្រី។

ភ្លាមនោះបងប្អូនបានបញ្ជូនស្ត្រីរងរបួសទៅមន្ទីរពេទ្យ តែដោយរបួសធ្ងន់ពេកស្រ្តីរងគ្រោះក៏បានស្លាប់។បន្ទាប់ពីមានករណីឃាតកម្មខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ និងកំពុងតាមចាប់ជនសង្ស័យដើម្បីយកមកចាត់កាតតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *