ព័ត៌មានសន្តិសុខសង្គម

សពទារកត្រូវគេរុំនឹងសារុងយកបោះចោល សមត្ថកិច្ចកំពុងស្រាវជ្រាវ

កំពង់ស្ពឺ៖សពទារកម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញ ដែលគេរុំនឹងសារុងយកបោះចោល ត្រូវសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនិងរកជនបង្កអមនុស្សធម៌បែបនេះ។

សពទារកស្ថិតនៅម្តុំទំនប់បង្ហៀរទឹកអូរក្រាំងអំបិល ខាងត្បូងផ្លូវជាតិលេខ៤ ចម្ងាយប្រហែល៥០០ម៉ែត្រ ក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៣។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា មុនមានការភ្ញាក់ផ្អើលគេបានប្រទះឃើញសាកសពទារកមិនស្គាល់អត្តសញ្ញាណ អាយុក្រោមមួយសប្តាហ៍ សក់ស្លូត សម្បុរសណ្តែកបាយច្រកក្នុងថង់ខ្មៅរុំសារុងពណ៌ក្រហម។

តាមការពិនិត្យនៃនគរបាលបច្ចេកទេសវិទ្យាសាស្រ្តនិងគ្រូពេទ្យកោសល្យវិច័យបានបញ្ជាក់ថា សពទារកមានសភាពហើមស្អុយ ពោះប៉ោង ស្បែកពងដូចរលាកភ្លើង។ ផ្នែកក្បាលនិងដងខ្លួនមិនមានស្លាកស្នាមអ្វីគួរកត់សម្គាល់ទេ ទងផ្ចិតមិនទាន់ជ្រុះមានគាបដង្កៀបទៀតផង។

ក្រុមការងារមានសមត្ថកិច្ចបានបន្តថា សពទារកស្លាប់ប្រហែលជា៣ថ្ងៃមុន។ រីឯមូលហេតុនៃការស្លាប់ផ្នែកជំនាញនៃអង្គការការពារកុមារហៅកាត់ថា CPUកំពុងពិនិត្យនិងបន្តការស្រាវជ្រាវ។ក្រោយមកសមត្ថកិច្ចបានលាងសម្អាតសាកសពរួច រុំថង់កៅស៊ូយកទៅទុកនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *