ភ្នំពេញ៖រថយន្តកុងតឺន័របុកម៉ូតូពេញទំហឹងដំណើរបញ្ច្រាសគ្នា បណ្ដាលឱ្យបុរសម្នាក់ស្លាប់មួយរំពេច។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី២២ ខែមិថុនា។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ពូន សាមគ្គី អាយុ២៧ឆ្នាំជាបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ មុនកើតហេតុគេឃើញម៉ូតូម៉ាកហុងដាZooner X ផ្លាកលេខកណ្តាល 1W-1116 បើកតាមផ្លូវថៃហ្គ័រពីត្បូងទៅជើង។
មកដល់មុខក្រុមហ៊ុនស្រាបៀរ Heineken ស្រាប់តែមានរថយន្តកុងតឺន័រមួយផ្លាកលេខភ្នំពេញ 3A-8056 បើកទិសដៅបញ្រ្ចាសគ្នាក្នុងល្បឿនលឿន ក៏បុកជាមួយម៉ូតូពេញទំហឹងរួចកិនជនរងគ្រោះជាប់នៅខាងក្រោមអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។
បន្ទាប់ពីកើតហេតុតៃកុងរថយន្តបានបើកទ្វារចុះប្រុងរត់គេច។តែត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានយកប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកឯងដើម្បីបន្តនីតិវិធី។ចំណែករថយន្តនិងម៉ូតូយកទៅទុកនៅផ្នែកនគរបាល ចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយពេលក្រោយ៕