បន្ទាយមានជ័យ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទំនើបម៉ាក Ford បានបុកជាមួយម៉ូតូកំពុងឆ្លងផ្លូវបណ្តាលឱ្យបងស្លាប់និងប្អូនរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៣។
សមត្ថកិច្ចបានឱ្យថា អ្នកបាត់បង់ជីវិតស្លាប់ឈ្មោះ ចិត្ត អាយុ៣០ឆ្នាំ។រីឯប្អូនរងរបួសធ្ងន់ឈ្មោះ រុណ អាយុ១៨ឆ្នាំនៅភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបុរី។
មុនកើតហេតុជនរងគ្រោះ២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមឆ្លងផ្លូវពីកើតទៅលិច។ពេលនោះស្រាប់តែមានរថយន្តម៉ាកFord ផ្លាកលេខភ្នំពេញ2BU-5682 បើកតាមផ្លូវជាតិលេខ៥ពីជើងទៅត្បូង បានបុកជាមួយម៉ូតូពេញទំហឹងធ្វើឱ្យជនរងគ្រោះជាបងប្រុសស្លាប់ភ្លាម។
ចំណែកប្អូនប្រុសរងរបួសធ្ងន់ត្រូវបានដឹកទៅមន្ទីរពេទ្យជាបន្ទាន់។ចំពោះតៃកុងបានរត់គេចខ្លួនបាត់។ក្រោយកើតហេតុមន្ត្រីនគរបាលចរាចរណ៍ បានចុះពិនិត្យរួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ដើម្បីដោះស្រាយពេលក្រោយ៕