ព័ត៌មានសន្តិសុខសង្គម

ឆេះផ្ទះកាត់ដេរសំលៀកបំពាក់ និងបន្ទប់ជួលសង្គ្រោះស្ត្រី៤នាក់

ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះផ្ទះស្តុកកំណាត់ សម្រាប់កាត់ដេរសម្លៀកបំពាក់និងបន្ទប់ជួល បណ្តាលឱ្យខូចខាតស្ទើរតែទាំងស្រុង ហើយបានសង្គ្រោះស្ត្រី៤នាក់។
ហេតុការណ៍នេះបានកើតឡើងនៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកាលពីម៉ោងជាង៣ទៀបភ្លឺថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៣។
ពលរដ្ឋនៅជិតទីនោះបានឱ្យដឹងថា នៅម្តុំផ្ទះកើតហេតុភាគីច្រើនមិនថាផ្ទះឬបន្ទប់ជួលនោះទេគឺសុទ្ធតែកាត់ដេរសម្លៀកបំពាក់។នៅវេលាទៀបភ្លឺស្រាប់តែម្ចាស់ផ្ទះបានស្រែកឆោឡោឱ្យគេឯងជួយ។ពេលនោះក៏ឃើញអណ្ដាតភ្លើងកំពុងតែឆាបឆេះចេញពីក្នុងផ្ទះមួយយ៉ាងសន្ធោសន្ធៅ។
បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាននិងខាងរថយន្តពន្លត់អគ្គិភ័យ។បន្តិចក្រោយមករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានមកដល់ទីតាំងកើតហេតុ។ពេលកំពុងបាញ់ទឹកពន្លត់ក៏ឮសំឡេងគោះជញ្ជាំងពីក្នុងបន្ទប់ជួលដែលត្រូវបានភ្លើងកំពុងតែឆាបឆេះ។

ភ្លាមៗនោះពរដ្ឋនិងសមត្ថកិច្ចបាននាំគ្នាវាយទម្លុះជញ្ជាំងបន្ទប់ផ្នែកខាងក្រោយហើយបាននាំស្ត្រី៤នាក់ដែលជាប់នៅក្នុងបន្ទប់នោះចេញមកក្រៅឱ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។
អគ្គិភ័យនេះកម្លាំងសមត្ថកិច្ចបានប្រើរថយន្តបាញ់ទឹកជាច្រើនគ្រឿង ទើបភ្លើងរលត់។ ចំពោះមូលហេតុសមត្ថកិច្ចបានបញ្ជាក់ថា អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។រីឯទំហំនៃការខូចខាតមន្រ្តីជំនាញកំពុងសាកសួរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *