ភ្នំពេញ៖រថយន្តLEXUS RX350 ផ្លាកលេខនគរបាលបានបុករថយន្តកុងតឺន័រកំពុងបត់ត្រឡប់ក្រោយ បណ្ដាលឱ្យក្រឡាប់ផ្ងារកង់ឡើងលើ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវលេខ២១៧ ជិតក្រុមហ៊ុនស្រាបៀរកម្ពុជា ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីម៉ោងជាង៩យប់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៣ ។
សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័របើកតាមផ្លូវលេខ២១៧ពីជើងទៅត្បូង ។មកដល់កន្លែងខាងលើក៏បានបត់ត្រឡប់ក្រោយវិញស្រាប់តែមានរថយន្ត LEXUS RX 350 ផ្លាកលេខនគរបាល2-5201បើកពីត្បូងទៅជើងក្នុងល្បឿនលឿន ជ្រុលទៅបុកកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឱ្យរថយន្តLexus ក្រឡាប់ផ្ងារកង់រងការខូចខាតស្ទើរទាំងស្រុង។
ភ្លាមនោះអ្នកភូមិបាននាំគ្នាជួយសង្គ្រោះយកតៃកុងចេញពីរថយន្តដោយមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ ចំណែករថយន្តកុងតឺន័របានបើកបន្តទៅមុខបាត់តែម្ដង។បន្ទាប់មកកម្លាំងនគរបាលចរាចរណ៍បានចុះមកពិនិត្យ ដោយមិនឃើញមានប៉ះពាល់ដល់សម្បត្តិសាធារណៈ ទើបឱ្យម្ចាស់ហៅរថយន្តស្ទូចមកយកចេញពីកន្លែងកើតហេតុ៕