ព័ត៌មានសន្តិសុខសង្គម

ស្ត្រីថៃដើរបេះបន្លែជាន់មីនផ្ទុះដាច់ជើង យោធាខ្មែរទៅជួយជាន់មីនផ្ទុះទៀត របួសធ្ងន់ទាំង២នាក់

បន្ទាយមានជ័យ៖ស្ត្រីថៃម្នាក់បានដើរបេះបន្លែតាមព្រំដែនក៏ជាន់មីនផ្ទុះ បណ្តាលឱ្យដាច់ជើងម្ខាង។រីឯយោធាខ្មែរនៅជិតទីនោះក៏ឆ្ការព្រៃចូលទៅជួយសង្គ្រោះ ស្រាប់តែជាន់មីនផ្ទុះមួយគ្រាប់ទៀតក៏រងរបួសធ្ងន់ទាំង២នាក់តែម្ដង។
គ្រោះអកុសលនេះបានកើតឡើងនៅត្រង់ចន្លោះបង្គោលសីមាលេខ៣៧-៣៨ ស្ថិតក្នុងភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់ភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែឧសភា។
កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧បានឱ្យដឹងថា មុនកើតហេតុមានស្ត្រីថៃម្នាក់ឈ្មោះ សំរឹទ្ធ រ៉ៃរឿន អាយុ៤៦ឆ្នាំនៅភូមិឃុំខាងលើ បានដើរបេះបន្លែក្នុងព្រៃតាមព្រំដែនតំបន់កើតហេតុ ក៏បានជាន់មីនផ្ទុះបណ្តាលឱ្យដាច់ជើងឆ្វេងរងរបួសធ្ងន់។
បន្ទាប់មានសំឡេងគ្រាប់មីនផ្ទុះកម្លាំងយោធាអភិវឌ្ឍន៍សហការជាមួយកម្លាំងដោះមីនកម្ពុជា និងទាហានឈុតខ្មៅថៃកងរយ1203 ដែលប្រចាំការនៅជិតនោះ ក៏ចូលទៅជួយជនរងគ្រោះ។ ស្រាប់តែមន្ត្រីយោធាតំបន់អភិវឌ្ឍន៍ម្នាក់ឈ្មោះ សេង ឆន អាយុ៤០ឆ្នាំ បានជាន់ចំគ្រាប់មីនផ្ទុះមួយគ្រាប់ទៀតត្រូវដៃនិងភ្នែករងរបួសធ្ងន់ធ្ងរទាំង២នាក់។
ពេលនោះកងកម្លាំងបានជួយបញ្ជូនយោធារងរបួសទៅមន្ទីរពេទ្យភូមិភាគ៥ ព២ ខេត្តបាត់ដំបង។ចំណែកស្ត្រីថៃរងគ្រោះនោះត្រូវបានទាហានថៃដឹកទៅសង្រ្គោះនៅប្រទេសគេដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *