ព័ត៌មានសន្តិសុខសង្គម

ក្មេងស្រីម្នាក់ចុះលេងទឹក ក្នុងអាងមុខផ្សារឡាំព្យា ត្រូវចរន្តភ្លើងឆក់ស្លាប់

ភ្នំពេញ៖គ្រោះអកុសលបានកើតលើក្មេងស្រីម្នាក់ ដែលចុះលេងទឹកក្នុងអាងមុខផ្សារទំនើបអូឡាំព្យា ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ពេលនាំទៅមន្ទីរពេទ្យគន្ធបុប្ជាដើម្បីសង្គ្រោះ។
ហេតុការណ៍នេះបានកើតឡើងនៅត្រង់មុខផ្សារទំនើបអូឡាំព្យា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីម៉ោង៨យប់ថ្ងៃទី១០ ខែឧសភា។កម្លាំងសន្តិសុខផ្សារបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់អាយុជិត១០ឆ្នាំ។ ប្រភពបានបន្តថា កន្លងមកមានក្មេងតូចៗតែងតែនាំគ្នាមកចុះងូតទឹកលេងក្នុងអាងទឹកខាងលើ ហើយសន្តិសុខ បានហាមពួកគេជារើយៗ ដោយខ្លាចមានបញ្ហា។ព្រោះនៅក្នុងអាងទឹកនោះមានបំពាក់នូវអំពូលភ្លើងនិងម៉ាស៊ីនបូមទឹកដែលប្រើដោយចរន្តអគ្គិសនី។តែក្មេងៗនៅតែមកលេងដដែល រហូតបានឃាត់ក្មេងៗទាំងនោះនិងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យាទៀតផង។
មុនកើតហេតុគេឃើញក្មេងៗ៣ទៅ៤នាក់នាំគ្នាមកលួចលេងទឹកក្នុងអាងសួនច្បារមុខផ្សារទំនើបអូឡាំព្យា។ពេលនោះក្មេងស្រីរងគ្រោះបានចុះទៅក្នុងអាងក៏ស្រាប់តែរឹងខ្លួន ហើយលិចចូលទៅក្នុងទឹកតែម្តង។បន្ទាប់មកពលរដ្ឋបានឃើញក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ដោយជួយស្រង់យកមកខាងលើនិងបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាដើម្បីសង្គ្រោះ។តែជាអកុសលពេលទៅដល់មន្ទីរពេទ្យក្មេងស្រីបានស្លាប់បាត់ទៅហើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *