កំពង់ចាម:បុរសអាយុ៣៥ឆ្នាំម្នាក់បានចាប់រំលោភសេពសន្ថវ:លើកូនស្រីបង្កើតរបស់ខ្លួនអាយុ១៣ឆ្នាំនៅក្នុងចម្ការដំឡូងមួយកន្លែងនៅឃុំថ្មពួនស្រុកព្រៃឈរកាលពីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០។ប៉ុន្តែបុរសជាជនសង្ស័យនិងញៀនស្រាម្នាក់នេះបានឆ្លើយបដិសេធការចោទប្រកាន់របស់កូនស្រីជាជនរងគ្រោះ។
លោកអ៊ុំសុផលប្រធានព្រហ្មទណ្ឌនគរបាលស្រុកព្រៃឈរបានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ៣០កញ្ញាថា ជនសង្ស័យដែលត្រូវកូនបង្កើតប្តឹងពីបទចាប់រំលោភសេពសន្ថវ:ឈ្មោះសៀងហុងមានទីលំនៅភូមិកើតហេតុភូមិទួលថ្មឃុំថ្មពួនស្រុកព្រៃឈរត្រូវបានឃាត់ខ្លួនក្រោយពីកូនស្រីរងគ្រោះ និងស្ត្រីជាប្រពន្ធអាយុ ៣៧ ឆ្នាំបានប្តឹង និងបំភ្លឺដំណើររឿងប្រាប់សមត្ថកិច្ច។
លោកប្រធានផ្នែកបានឱ្យដឹងទៀតថាៈខាងជនសង្ស័យជាឪពុកនិងប្តីបានច្រានចោលការចោទប្រកាន់របស់ខាងជនរងគ្រោះជាកូននិងប្រពន្ធ។ខណ:នេះយើងកំពុងរង់ចាំលទ្ធផលកោសល្យវិច័យពីខាងមន្ទីរពេទ្យដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ចំណែកជនសង្ស័យសៀងហុងបានធ្វើតេស្ត៍ទឹកនោមរួចហើយ គឺលទ្ធផលគ្មានផ្ទុកសារធាតុគ្រឿងញៀនទេ។ ដោយបុរសរូបនេះជាអ្នកញៀនស្រា គឺផឹកស្រាជាប្រចាំ។
តាមសម្តីបំភ្លឺរបស់ក្មេងស្រីរងគ្រោះជាកូនថា កាលពីម៉ោងជាង១១ ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យជាឪពុកបង្កើតរបស់ខ្លួនឈ្មោះសៀងហុងបានផឹកស្រាស្រវឹងបាននាំនាងជាកូនទៅកាប់ឬស្សីនៅចម្ការដំឡូងមួយកន្លែងស្ថិតក្នុងភូមិថ្មពួនកណ្តាល ឃុំថ្មពួន ចម្ងាយប្រមាណជាង ៣០០ ម៉ែត្រពីផ្ទះ។ប៉ុន្តែឪពុកឈ្មោះសៀងហុងបានធ្វើសកម្មភាពគំរាមកំហែងនិងរំលោភសេពសន្ថវ:លើរូបនាងរហូតបានសម្រេច៕