ពោធិ៍សាត់៖សមត្ថកិច្ចបានចាប់អ្នកបើករថយន្តដែលបើកវ៉ាជែងយ៉ាងលឿនជ្រុលទៅបុកជាមួយម៉ូតួមកពីមុខពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់ហើយត្រៀមបញ្ជូនទៅតុលាការ។
ហេតុការណ៍នោះបានកើតឡើងនៅផ្លូវជាតិលេខ៥ ក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធ៍សាត់ កាលពីល្ងាចថ្ងៃទី៤ ខែមករា។ អ្នកនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងមានរថយន្តម៉ាកតូយូតាកាមរីផ្លាកលេខភ្នំពេញ 2S-6117 បើកពីកើតទៅលិច។មកដល់កន្លែងខាងលើបានឡើងវ៉ាជែងយ៉ាងលឿនក៏ជ្រុលបុកម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ណ-9576 ភព1 មកពីមុខពេញទំហឹងបណ្តាលអ្នកបើកម៉ូតូស្លាប់ភា្លម។
បុរសដែលស្លាប់ឈ្មោះ សើ ខន អាយុ៦៥ឆ្នាំនៅភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ចំណែកអ្នកបើករថយន្តឈ្មោះ ឆោម ពិសីអាយុ២៨ឆ្នាំ នៅភូមិកំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបងជាយោធាភូមិភាគ៥។
ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្តនិងម៉ូតូទៅផ្នែកនគរបាលចរាចរណ៍ខេត្តពោធិ៍សាត់និងរៀបចំសំណុំរឿងត្រៀមបញ្ជូនអ្នកបើកបរទៅតុលាការដើម្បីបន្តនីតិវិធី៕
ឆ